(សៀមរាប)៖ បណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោកស្រី Sandrine BOUCHER ប្រធានទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី អភិបាលកិច្ចសាជីវកម្ម នៃសហគ្រាសសាធារណៈ។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ដោយមានការអញ្ជើញចូលរួមពីសហគ្រាសសាធារណៈ, ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនចម្រុះទាំង ២៦ ដែលមានសមាសភាពចូលរួម ដូចជាលោក លោកស្រី ជាប្រធានក្រុមប្រឹក្សាភិបាល, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាតំណាងម្ចាស់ភាគហ៊ុនរបស់រដ្ឋ និងតំណាងរដ្ឋបាលរាជធានី ខេត្ត, លោក លោកស្រីជាមន្ត្រីត្រួតពិនិត្យរដ្ឋ និងលោក លោកស្រី ជាប្រធានអគ្គនាយក និងអគ្គនាយក សរុបមានអ្នកចូលរួមប្រមាណ ១៦០រូប។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
គ្រូឧទ្ទេសដែលនឹងផ្ដល់ការបណ្ដុះបណ្ដាល គឺជាអ្នកជំនាញការ ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការកែទម្រង់ការគ្រប់គ្រង សហគ្រាសសាធារណៈនៅប្រទេសបារាំង និងធ្លាប់ចូលរួមជាមួយអង្គភាពសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) លើការរៀបចំគោលការណ៍គន្លឹះៗ ពាក់ព័ន្ធនឹងអភិបាលកិច្ចសាជីវកម្ម នៃសហគ្រាសសាធារណៈ។
ជារួមវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងចម្បងចំនួន ៣រួមមាន៖
ទី១៖ ផ្សព្វផ្សាយអំពីការងារកែទម្រង់ការគ្រប់គ្រង សហគ្រាសសាធារណៈនៅកម្ពុជា ពិសេស ទិសដៅគន្លឹះៗ នៃការកែទម្រង់ ដែលទទួលបានការឯកភាពរួចហើយពីប្រមុខរាជរដ្ឋាភិបាល។
ទី២៖ បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានទូទៅ និងឧត្ដមានុវត្តន៍ជាអន្តរជាតិ ពាក់ព័ន្ធនឹងម៉ូដែលនៃការគ្រប់គ្រងសហគ្រាសសាធារណៈ, តួនាទីរបស់រដ្ឋ, កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសហគ្រាស។
ទី៣៖ ពិភាក្សាអំពីបញ្ហាប្រឈម និងទិសដៅការងារបន្ត សម្រាប់រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ការកែទម្រង់សហគ្រាសសាធារណៈ ជាវិធានការគន្លឹះមួយនៃផែនការសកម្មភាពរួម ដំណាក់កាលទី៤ របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំយុទ្ធសាស្ត្រ ស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលនឹងក្លាយជាឯកសារចង្អុលបង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវ-កម្មរបស់សហគ្រាសសាធារណៈ ស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕