(អាហ្វហ្គានីស្ថាន)៖ មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់បាត់ជីវិតនៅក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ យោធាមួយគ្រឿងនៅ ភាគខាងជើងខេត្ត Baghlan ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ។
នេះបើយោង តាមអភិបាលខេត្ត Baghlan លោក Abdul Satar Bariz ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦។
លោក Abdul Satar Bariz បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ ខាងលើបានធ្លាក់នៅម៉ោងប្រមាណជា ៦ ព្រឹក (ម៉ោង នៅក្នុងតំបន់) នៅឯភ្នំតំបន់ Qarghan Tapa ចំណែកឯមូលហេតុនៃការធ្លាក់កំពុងស្ថិតនៅក្រោមការស៊ើប អង្កេត។ ក៏ប៉ុន្តែបើតាមប្រភពយោធាអាហ្វាហ្គានីស្ថាន បានប្រាប់សិនហួរ ក្នុងលក្ខខណ្ឌមិនបញ្ខេញឈ្មោះថា ឧទ្ធម្ភាគចក្រធុន Mi-១៧ ដែលដឹកសម្ភារៈផ្គត់ផ្គង់សម្រាប់មូលដ្ឋានយោធាមួយ កន្លែង ត្រូវបានក្រុមសកម្ម ប្រយុទ្ធនៅក្នុងតំបន់បាញ់ទម្លាក់ដោយគ្រាប់រ៉ូក្កែត ខណៈ ក្រុមតាលីបង់អះអាងថាខ្លួនគឺជាអ្នកបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រយោធាមួយនេះ។
សូមជំរាបថា ខេត្ត Baghlan និងទីក្រុង Kunduz រួមទំាងខេត្ត Takhar បានក្លាយជាឈុតឆាកប្រយុទ្ធយ៉ាង ខ្លំាងរវាងកងកម្លំាង អាហ្វហ្គានីស្ថាន និង ក្រុមឧទ្ទាមតាលីបង់ ក្នុងរយៈពេលពីរខែចុងក្រោយនេះ៕