Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនសានហ្វេង ផ្តល់អង្ករ៣តោន និងគ្រឿងបរិភោគមួយចំនួនទៀត ដល់ពលរដ្ឋស្រុកបាទី និងគិរីវង់

09-10-2016 12:27

(ភ្នំពេញ)៖ ក្រុមហ៊ុន សាន ហ្វេង (ខេមបូឌា) ខូអិលធីឌី ដែលមានទីតំាងចុះបញ្ជីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន) ក្រុងបាវិត ខេត្តស្វាយរៀង បានផ្តល់អង្ករចំនួន ៣តោន រួមនិងគ្រឿងឧបភោគមួយចំនួនទៀត ជូនប្រជាពលរដ្ឋកំពុងជួបការលំបាក ក្នុងជីវភាព នៅក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី និងឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

អង្ករចំនួន ៣តោន និងគ្រឿងឧបភោគរួមមាន មី ៨កេសធំ និងត្រីខកំប៉ុង ៣កេសធំ ត្រូវបានលោក CHANG CHENG LI នាយកគ្រប់គ្រង នៃក្រុមហ៊ុន សាន ហ្វេង (ខេមបូឌា) ខូអិលធីឌី និង សហការី នាំទៅប្រគល់ជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំត្រពាំងក្រសាំង ស្រុកបាទី និងឃុំសោម ស្រុកគិរីវង់ខេត្តតាកែវ នៅថ្ងៃចុងសប្តាហ៍នេះ។

មន្រ្តីក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្រពាំងក្រសាំង និងឃុំសោម បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះថា អង្ករ និងគ្រឿងឧបភោគនេះ នឹងយកទៅចែកជូនប្រជាពលរដ្ឋចាស់ជរា កុមារ មានជីវភាពខ្វះខាត ទីទ័លក្រ គ្មានទីពឹង ដែលជួបការលំបាក និងជួបឧបសគ្គក្នុងឃុំទាំងពីរខាងលើ។

ក្រុមការងារថ្នាក់ជាតិចុះឃុំត្រពាំងក្រសាំង និងឃុំសោម បានថ្លែងអំណរជ្រាលជ្រៅ ចំពោះលោក CHANG CHENG LI និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនសានហ្វេង (ខេមបូឌា) ខូអិលធីឌី ចំពោះទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមចំណែកសកម្មភាព មនុស្សធម៌នៅក្នុង សង្គមកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីការផ្តល់អង្ករ និងគ្រឿងបរិភោគ ក្រុមហ៊ុន សាន់ ហ្វេង ក៏បានផ្តល់មុងចំនួន ៣០០ទៅចែកជូនប្រជាពលរដ្ឋនៅក្នុង ឃុំត្រពាំងក្រសាំង និងឃុំសោមផងដែរ៕