(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅម៉ោង ៨ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាជាច្រើនរូបអញ្ជើញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការ អាស៊ីលើកទី២ ហៅកាត់ថា ACD។ ប្រធានបទសំខាន់ៗចំនួន៦ នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូល ដែលចូលរួមដោយមេដឹកនាំកំពូលៗ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី។

លោក ស្រី ថាំរ៉ុង រដ្ឋមន្ត្រីប្រតិភូអមកនាយករដ្ឋមន្ត្រី បានថ្លែងមុនអមដំណើរសម្តេចតេជោ ហ៊ុន សែន ចេញពីប្រទេសកម្ពុជាថា ដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាការឆ្លើយតាមការអញ្ជើញរបស់លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ។

លោក ស្រី ថាមរ៉ុង បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះដែលធ្វើឡើងនៅថ្ងៃចន្ទ ទី១០ ខែតុលា ស្អែកនេះ នឹងផ្តោតលើបញ្ហាអទិភាពសំខាន់ ចំនួន៦ រួមមាន៖ ទី១. ការតភ្ជាប់សុវត្ថិភាពស្បៀងអាហារ ថាមពល និងទឹក, ទី២. ការតភ្ជាប់, ទី៣. វិស័យវិទ្យាសាស្ត្របច្ចេកទេ និងរបកគំហើញថ្មី, ទី៤. ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស , ទី៥. ទេសចរណ៍ និងវប្បធម៌ និងទី៦. ការលើកកម្ពស់នូវវិធីសាស្ត្រ ដើម្បីការរួមបញ្ចូល និងការអភិវឌ្ឍប្រកបដោយចីរភាព។

បើតាមលោក ស្រី ថាមរ៉ុង ក្នុងកិច្ចប្រជុំកំពូលនេះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលជាសមាជិកជាច្រើនរូប មានជាអាថ៌ ព្រះចៅស៊្សុលតង់ប្រុយណេ, ប្រធានាធិបតីអ៉ីរ៉ង់, ប្រធានាធិបតីគុយវ៉េត ព្រមទាំងនាយករដ្ឋមន្ត្រីប្រទេសមួយចំនួនទៀតរួមមាន កម្ពុជា, ប៊ូតង, ឡាវ, បារ៉ែន, ម៉ាឡេស៊ី, សាធារណរដ្ឋកូរ៉េ, ថៃ, អនុប្រធានាធិបតីចិន និងគណៈប្រតិភូជាច្រើនទៀត តំណាងឲ្យប្រទេស ជាសមាជិក។

សូមបញ្ជាក់ កិច្ចប្រជុំកំពូលកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដែលមានកម្ពុជា ជាសមាជិកស្ថាប និកផងដែរ ហើយរហូតមកដល់បច្ចុប្បន្នមានសមាជិករហូតដល់ ៣៤ប្រទេស។ កិច្ចប្រជំដំបូងបានធ្វើឡើងនៅប្រទេសគុយវ៉េត ក្នុងឆ្នាំ២០១២ និងលើកទី២ នៅទីក្រុងបាងកកនេះតែម្ដង។ សម្រាប់ការប្រជុំលើកទី៣ គ្រោងធ្វើឡើងនៅប្រទេសអ៉ីរ៉ង់ នាំឆ្នាំ២០១៨ខាងមុខ។

ក្រៅពីកិច្ចប្រជុំកំពូលនេះទៅ នៅនារសៀលថ្ងៃអាទិត្យនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារខ្លះជាមួយសមភាគី ដែលរួមមានឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ និងលោក វិក្រំ ប្រាណាឌីដ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ។

សម្រាប់ថ្ងៃចន្ទ ស្អែកវិញ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងឆ្លៀតជួបពិភាក្សាការងារជាមួយលោក វ៉ាង កូអាង នាយករដ្ឋមន្ត្រីរដ្ឋកូរ៉េខាងត្បូងផងដែរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីការពិសារអាហារសាមគ្គី៕