(ភ្នំពេញ)៖ ការប្រឹងប្រែងរហូតប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជារឿងលំបាកមួយទៅហើយសម្រាប់ តែអ្វីដែលកាន់តែ លំបាកសម្រាប់អ្នកទើបបញ្ចប់ ការសិក្សាថ្នាក់មធ្យមសិក្សានោះ គឺការស្វែងរកជំនាញសម្រាប់ថ្នាក់ឧត្តមឲ្យចំគោលដៅនិងទទួលបាន ជោគជ័យ។
ដើម្បីទម្លុះឧបសគ្គ និងបង្ហាញផ្លូវដល់សិស្សទើបជាប់បាក់ឌុបឲ្យទទួលបានជោគជ័យថ្នាក់ឧត្តមនោះ សកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ បានរៀបរៀបចំសន្និសីទស្តីពី «បទពិសោធន៍ជោគជ័យ-បញ្ហាប្រឈមក្នុងយុគសម័យ ព័ត៌មានវិទ្យា សេដ្ឋកិច្ចចំណេះដឹង និងឱកាសការងាររបស់យុវជន» ដោយនាំយកបុគ្គលជោគជ័យលើការ សិក្សាជាច្រើនរូបមកបង្ហាញពី គន្លឹះសំខាន់ ដែលនាំឲ្យទទួលបានជោគជ័យលើការសិក្សាឈានទៅសាងឧត្តមភាពជីវិត។
ពិធីដែលរៀបចំឡើងក្រោមអធិបភាពលោក ស្តើង សុខុម សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេស នៃកម្ពុជានិងមានការចូលរួមពី សិស្សទើបប្រឡងជាប់បាក់ឌុបប្រមាណជា ២០០នាក់ផងនោះ ក្រុមសាស្រ្តាចារ្យល្បីៗ និងអ្នកជោគជ័យលើការសិក្សា បានរួមគ្នាបង្ហាញ គន្លឹះសំខាន់ៗជាច្រើន ដូចជាជ្រើសរើសមុខវិជ្ជាសម្រាប់សិក្សាឲ្យត្រូវទៅតាមចំណង់ចំណូលចិត្ត និងត្រូវទៅតាមស្ថានភាពការងារនៅក្នុង សង្គម។ អ្នកខ្លះទៀត បានលើកបង្ហាញពីការតាំងចិត្តខ្ពស់ និងតស៊ូជម្នះឧបសគ្គផ្សេងៗ ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យ។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង CUS ដែលបានធ្វើបទបង្ហាញពី «គន្លឹះក្នុងការជ្រើសរើសឯកទេសសម្រាប់ សិក្សានៅឧត្តមសិក្សាក្នុងយុគសម័យព័ត៌មានវិទ្យា» បានថ្លែងថា ការសិក្សាថ្នាក់ឧត្តមសិក្សា ជាការបណ្តាក់ទុននិងជាស្ពានយ៉ាងសំខាន់ សម្រាប់ការកសាងអនាគតរបស់ខ្លួន ដូចនេះការសិក្សាពិតជានឹងជួយឲ្យខ្លួនឯងអាចសម្រេចបានអនាគត និងជីវភាពរស់នៅដ៏ប្រសើរ។
លោកបញ្ជាក់ដូច្នេះ «ក្នុងយុគសម័យព័ត៌មានវិទ្យាសិស្ស-និស្សិត អាចធ្វើការសិក្សាស្រាវជ្រាវបានតាមរយៈការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រោះបច្ចុប្បន្ននេះ វិទ្យាសាស្រ្តមានការីកចម្រើនឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាក៏ដូចប្រទេស នានានៅលើពិភពលោក ដែលកំពុងមានការរីកចម្រើន គ្រប់វិស័យមិនថាប្រទេសជឿនលឿន ប្រទេសអភិវឌ្ឍឬប្រទេសកំពុង អភិវឌ្ឍសុទ្ធតែកំពុងជ្រើសរើសយកបច្ចេក វិទ្យាថ្មីៗសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួននាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ពិសេសវិស័យព័ត៌មាន វិទ្យាត្រូវបានគេយកមកប្រើប្រាស់នៅស្ថាប័ន្តរដ្ឋក៏ដូចជា អង្គការ សហគ្រាស ក្រុមហ៊ុននានាក្នុងការបញ្ជូននូវឯក សារតាមរយៈបច្ចេកវិទ្យាទៅកាន់ដៃគូសហប្រតិបត្តិការយ៉ាងឆាប់រហ័ស និងជួយសម្រួលក្នុងការបញ្ជូនទិន្នន័យដែលចែករំលែក ឲ្យគ្នាទៅវិញទៅមក និងធ្វើការងារតាន់តែប្រសើរ ងាយស្រួលចំណេញពេលវេលា និងថវិកា ជាពិសេសមានសុវត្ថិភាព ហើយមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យផ្សេងៗ»។
លោក ស៊ូ វណ្ណថន នាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានធ្វើបទឧទ្ទេសនាម «អំពីប្រាសាក់ និងឱកាសការងារ»។ លោក ស៊ូវ វណ្ណថន បានលើកឡើងអំពីវឌ្ឍនភាពរបស់ប្រាសាក់ ផលិតផល និងសេវាកម្មរបស់ប្រាសាក់រចនាសម្ព័ន្ធ គ្រប់គ្រងធនធានមនុស្ស និងឱកាសការងារ ឱកាសដែលប្រាសាក់ផ្តល់ជូនការត្រៀមខ្លួនដើម្បីទទួលឱកាសការងារជាមួយប្រាសាក់។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញពីគន្លឹះដើម្បីជោគជ័យលើការសិក្សានៅថ្នាក់ឧត្តមសិក្សា។ លោកបាន បញ្ជាក់ថា ជោគជ័យលើការសិក្សានៅថ្នាក់ឧត្តមនេះ វាចាប់ផ្តើមពីការសម្រេចចិត្តត្រឹមត្រូវក្នុងការសិក្សាជំនាញ និងចាប់ផ្តើមធ្វើការ ស្រាវ ជ្រាវភ្លាមតាំងពីចូលឆ្នាំទី១ មកម្ល៉េះ ដោយមិនត្រូវខ្ចិល ឬទម្រន់នោះឡើយ ហើយត្រូវយកការងារសិក្សារៀនសូត្រជាអទិភាព។
លោកបញ្ជាក់ដូច្នេះ «និស្សិត ត្រូវកំណត់យកជំនាញណាមួយឲ្យពិតប្រាកដ និងពង្រឹងជំនាញតាមការស្រាវជ្រាវ ការសរសេររបាយការណ៍ ជំនាញ ធ្វើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ បន្ថែមពីលើនេះ និស្សិតត្រូវខិតខំរៀនជំនាញរួមផ្សំបន្ថែមដូចជាភាសា បរទេស និងកុំព្យូទ័រ ព្រមទាំងធ្វើកម្មសិក្សាដើម្បីយកបទពិសោធន៍ការងារជាក់ស្តែង។ ទាំងអស់នេះដើម្បីឲ្យនិស្សិតមានទាំង ចំណេះជំនាញ បទពិសោធន៍ មានភាពងាយស្រួលក្នុងការរងការងារក្រោយបញ្ចប់ការសិក្សា»។
លោកបណ្ឌិត សូ សុធីរ ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានលើកឡើងអំពី «យុវជន និងគុណធម៌»។ លោក សូ សុធីរ បានលើកឡើងថា យុវជនជាទំពាំងស្នងប្ញស្សី យុវជនត្រូវតែមានចំណេះដឹង (គឺជាការស្គាល់ ដឹង យល់ដឹងពីអ្នកណាម្នាក់ ឬអ្វីមួយ ដូចជាហេតុការណ៍ព័ត៌មាន ការពិពណ៌នាដែលទទួលបានតាមបទពិសោធ ឬការអប់រំដោយប្រត្យក្សារម្មណ៍ របកគំហើញ ឬការសិក្សា ហើយមានគុណធ៌-គុណធម៌បុគ្គល ដើម្បីជំរុញដល់ជោគជ័យធំធេងជាសមូហភាព មានបំណិន ឬជំនាញដោយយកចំណេះដឹង ទៅអនុវត្តក្នុងការគិត ការអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ធាតុទាំងអស់នេះជាធាតុចាំបាច់ដែលយុវជន ត្រូវខិតខំព្យាយាមសិក្សា ស្រាវជ្រាវឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីឲ្យខ្លួនក្លាយជាមនុស្សល្អ) និងជំនាញច្បាស់លាស់ហើយត្រូវតែចេះ ភាសាអង់គ្លេស និងកុំព្យូទ័រ។
នៅចុងបញ្ចប់នៃពិធី លោក ស្តើង សុខុម ក្នុងនាមប្រធានដឹកនាំនៃអង្គសន្និសីទបានបង្ហាញពីប្រវត្តិរបស់សាកលវិទ្យាល័យដែលផ្តើម ចេញពីទីតាំងតូច មាននិស្សិត សាស្រ្តាចារ្យតិចតួច តែមកដល់ពេលនេះសាកលវិទ្យាល័យមានទីតាំងរហូតដល់ ៨ទីតាំង និងនិស្សិតជិត ២០០០០នាក់កំពុងសិក្សា។
លោកសាកលវិទ្យាធិការបន្តថា សាកលវិទ្យាល័យបាន នឹងកំពុងពង្រឹងគុណភាពបណ្តុះបណ្តាល ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងជំនាញ សមត្ថភាពរបស់និស្សិតធ្វើឲ្យពួកគេមានទាំងចំណេះដឹង និងចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាធនធានសំខាន់និងមានប្រយោជន៍របស់ ប្រទេសជាតិ ដូចជាបាវចនារបស់សាកលវិទ្យាល័យបានចែង។
សូមបញ្ជាក់ថានៅថ្ងៃម្សិលមិញនេះ ក្រៅពីការធ្វើសន្និសីទចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីឲ្យសិស្សទើបជាប់បាក់ឌុបអាច ជ្រើសរើស ការសិក្សាមួយដ៏ត្រឹមត្រូវ និងទទួលបានជោគជ័យហើយនោះ សាកលវិទ្យាល័យ ក៏មានពិធីទទួលនូវសម្ភារបរិក្ខាកុំព្យូរទ័រថ្មីជាង ២០០គ្រឿងបន្ថែមទៀត ដើម្បីបំពេញការសិក្សារបស់សិស្ស៕