(កំពង់ធំ)៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានណែនាំដល់សិស្សានុសិស្ស ត្រូវមានការតស៊ូអត់ធ្មត់ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ។

លោក ចាន់ ស៊ីណាត បានណែនាំបែបនេះ ក្នុងពិធីបើកបវេសនការឆ្នាំថ្មី ២០២៤-២០២៥ នៅវិទ្យាល័យហ៊ុនសែនចំណាលើ ស្ថិតនៅក្នុងឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបានបន្ថែមថា ដើម្បីឲ្យខ្លួនយើងក្លាយជាមនុស្សអស្ចារ្យ គឺយើងត្រូវតែខិតខំសិក្សារៀនសូត្រ គោរពស្រឡាញ់ លោកគ្រូ អ្នកគ្រូនឹងត្រូវមានវិន័យល្អ ទាំងនៅក្នុងសាលារៀន និងនៅក្នុងសហគមន៍ ហើយឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិតប្រាកដ ដែលនឹងជួយ លើកកម្ពស់មុខមាត់ជីវភាព ខ្លួនឯងក្រុមគ្រួសារ ក៏ដូចជាជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ជាពិសេសអាណត្តិទី៧នេះផងដែរ។

លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន លោកនាយក លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ត្រូវតែមានកិច្ចសហប្រតិបត្តិការល្អ រវាងក្រុមការងារចុះមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សាលារៀន ជាពិសេសមូលដ្ឋានឃុំចំណាលើ ឲ្យកាន់តែមានការអភិវឌ្ឍឡើងថែមទៀត។

លោកបានណែនាំ ដល់លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវធ្វើការថែទាំសម្ភារបរិក្ខារ ដែលលោកបានប្រគល់ជូននៅពេលនេះ ជាពិសេសកុំព្យូទ័រឲ្យបានល្អ និងប្រើប្រាស់អស់លទ្ធភាពក្នុងការបង្រៀន និងសិក្សារៀនសូត្រ ជាពិសេសតបណ្ដាញ wifi។

លោកបន្ថែមទៀតថា នាយកសាលារៀនត្រូវអភិវឌ្ឍសាលារៀន ឲ្យបានល្អប្រសើរទាំងគុណភាពបរិស្ថាន ជាពិសេសឲ្យក្លាយទៅជាកន្លែងទាក់ទាញ និងជាកន្លែងទេសចរណ៍ ដ៏ខៀវស្រងាត់ស្រស់បំព្រង ប្រកបដោយបរិស្ថាន និងសួនច្បារ។

សូមបញ្ជាក់ថា ក្នុងឱកាសនេះ លោកបានឧបត្ថម្ភនូវកុំព្យូទ័រ និងព្រីនធ័រចំនួន ៥គ្រឿង ម៉ាស៊ីនកូពី១គ្រឿង ដល់សាលារៀនព្រមទាំងឧបត្ថម្ភកង់១៧គ្រឿង ដល់សិស្សនិទ្ទេស B ១៧នាក់ និងសិស្សទទួលបាននិទ្ទេស A ម្នាក់ នូវម៉ូតូ១គ្រឿដែលជាអំណោយរបស់លោក ថោ ជេដ្ឋា ផងដែរ៕