(សៀមរាប)៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើមី្បធ្វើការដង្ហែនាំយក ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលក្នុងវត្ត នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ទាប់ពីអង្គកឋិនទានទាំងមូលបានធ្វើការវេរប្រគេនដល់ព្រះសង្ឃ ដើមី្បព្រះសង្ឃក្រាលគ្រង ទទួលយកកឋិនទេវ័រ និងបានប្រមូលបច្ច័យ សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃពុទ្ធិកៈសិក្សា ជួសជុលកែលម្អកុដិ សាលា ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ បរិវេណវត្តក្នុងទីអារាមនេះ។

ព្រះតេជគុណ វិមុលសំវភទ្ទកោ នឿម វុឌ្ឍី ចៅអធិការវត្តហៅវត្តស្វាយរមៀត មានថេរដិកាថា បច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អកុដិ សាលា ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ ស្ថិតនៅក្នុងវត្តស្វាយរមៀត។ ពាក់ព័ន្ឋទៅនឹងអង្គកឋិនទាននេះដែរ ព្រះអង្គបានពន្យល់ថា បុណ្យកឋិន ជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។

បុណ្យអង្គកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខាននោះឡើយ។ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាអង្គកឋិនពុទ្ធបរិស័ទចំណុះជើងវត្ត។

ព្រះតេជគុណ បានបន្តថា អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថាចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឲ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុ- មោទនាក៏បានអានិសង្ស៥យ៉ាងផងដែរ។ 

ព្រះតេជគុណ វិមុលសំវភទ្ទកោ នឿម វុឌ្ឍី មានថេរដិកាបន្ថែមថា ពុទ្ធបរិស័ទទាំងអស់ មានឱកាសជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានក្នុងថ្ងៃនេះ ប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ គឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពសង្គមមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់អាណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ព្រះគ្រូចៅអធិការវត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទ ចំណុះជើងវត្តស្វាយរមៀត ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តនេះ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី គ្រួសារខ្មែរ សម្រាប់ចូលរួមដើម្បីប្រើប្រាស់កសាងសមទ្ធិផលក្នុងទីវត្ត ក្នុងទិសដៅជម្រុញឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងតទៅអនាគតផងដែរ៕