(សៀមរាប)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំធ្វើសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ស្តីពី និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ «បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ក្រោមវត្តមានរបស់លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា, លោក សុខ ថុល អភិបាលរងខេត្តសៀមរាប, លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងលោក លោកស្រី នៅក្នុងវិស័យពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងពិធីបើកសន្និសីទនេះ លោក ស៊ុំ សន្និសិទ្ធ បានលើកឡើងថា អង្គសន្និសីទប្រចាំឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលការងារជាច្រើន ដែលសមាគមបាននិងកំពុងអនុវត្ត នាពេលកន្លងមក រួមមាន៖ ការចែករំលែកព័ត៌មាន និងបទពិសោធ ការពិភាក្សាគ្នាក្នុងការកំណត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សំដៅពង្រឹងប្រសិទ្ធភាព ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការបង្កើតយន្តការដោះស្រាយបណ្តឹង ការលើកកម្ពស់កិច្ចការពារអតិថិជន ការសម្របទៅនឹងបច្ចេកវិទ្យាថ្មីៗ ប្រកបដោយនវានុវត្តន៍ ការរៀបចំទិសដៅរួម សម្រាប់អនុវត្តនាឆ្នាំខាងមុខ និងជាពិសេសការពង្រឹងសាមគ្គីភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក ស៊ុំ សន្និស្ធ បន្តថា ធនាគារជាតិនៃកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាក ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ក្នុងនោះបានចូលរួមក្នុងគំនិតផ្តួចផ្តើមនៃការអនុវត្តហិរញ្ញប្បទានបៃតង រួមមាន៖ ១-ការគាំទ្រការដាក់ចេញគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ២-ការរៀបចំសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងបង្កើតគំនិតផ្តួចផ្តើម សម្រាប់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង៣-ការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារហានិភ័យបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
លោកបន្ថែមថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងគាំទ្រចំពោះការរីកចម្រើនបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត ឬ AI ដោយហេតុថា បច្ចេកវិទ្យាទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រតិបត្តិការរបស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាក៏បានពាំនាំនូវហានិភ័យមួយចំនួន រួមមាន៖ ហានិភ័យបច្ចេកវិទ្យា, ហានិភ័យក្រមសីលធម៌ ដូចជា៖ ការចែករំលែកព័ត៌មានមិនពិត ឬការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើផលទុច្ចរិត ដែលមានការឆបោកតាមប្រព័ន្ធអនឡាញ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។
លោកស្រី ឌិត នីតា បានឲ្យដឹងថា បច្ចុប្បន្ន សមាគមមីក្រូហិរញ្ញវត្ថុមានសមាជិកប្រមាណ១៣២គ្រឹះស្ថាន ដែលមានផលប័ត្រឥណទានសរុបម្រាណ ៥.១១ ប៊ីលានដុល្លាអាមេរិក និងកំពុងផ្តល់សេវាជូនអតិថិជនប្រមាណ ១,៥៥លានគណនី ដែលក្នុងនោះ ៥៤%ជាស្រ្តី ក្នុងសាខាទូទាំងប្រទេសចំនួន ៩០០សាខា និងមានបុគ្គលិកសរុបប្រមាណ ២១,០០០នាក់។ ទន្ទឹមនឹងនេះ គ្រឹះស្ថានទទួលប្រាក់បញ្ញើទាំង៤ មានប្រាក់បញ្ញើសរុបប្រមាណ ២.២ប៊ីលានដុល្លាអាមេរិក (កំនើន ៤,៨%) និងមានអ្នកដាក់ប្រាកបញ្ញើរសរុបប្រមាណ ២លាននាក់ ក្នុងនោះ៦៧%ជាស្រ្តី។ ភាពរីកចម្រើននេះបានបង្ហាញពីតួនាទីរបស់សមាជិកសមាគម ដែលជាវិស័យទាំងមូល ក្នុងការលើកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា។ ប៉ុន្តែភាពរីកចម្រើននេះ ក៏នាំមកនូវបញ្ហាប្រឈម និងឱកាសជាបន្តបន្ទាប់។
លោកស្រីបន្តថា សម្រាប់បញ្ហាប្រឈម វិស័យមីក្រូហិរញ្ញវត្ថុហាក់កំពុងរងសំពាធនៃបរិយាកាសសេដ្ឋកិច្ចពិភពលោកមិនអំណោយផល ដែលបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
យោងតាមរបាយការណ៏របស់សមាគម ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ឥណទានប្រឈមហានិភ័យលើសពី៣០ថ្ងៃ (PAR 30+) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ៥,៩% ដល់ ៨,៧%, ការរៀបចំឥណទានឡើងវិញកើនឡើងពី ២,០% ដល់ ៣,៨%, កម្ចីដែលលុបចោលកើនឡើងពី ០,៨% ដល់ ១,២% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២៣។ ក្រៅពីនេះ ផលប័ត្រឥណទានមានកំណើនត្រឹម១%ប៉ុណ្ណោះ ដោយមានកំណើនពី ៥១០៣លានដុល្លារ មកដល់ ៥១៥៣លានដុល្លារ។
លោកស្រី ឌិត នីតា បានបន្ថែមថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគាជាតិនៃកម្ពុជា បានផ្តល់ការលើកទឹកចិត្ត និងសម្រួលផ្នែកបទបញ្ញាត្តិផ្សេងៗ ដើម្បីគ្រឹះស្ថានផ្តល់នូវការរៀបចំឥណទានទ្បើងវិញជូនអតិថជន ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ការនេះអាចជួយដោះស្រាយនូវបញ្ហាប្រឈមក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សម្រាប់រយៈពេលវែងការរក្សាបាននូវភាពគ្រប់គ្រាន់នៃអនុបាតដើមទុន សន្ទនីយភាព ការមានផែនការអជីវកម្មច្បាស់លាស់ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនេះ និងរក្សានិរន្តរភាពនៃប្រតិបត្តិការរបស់គ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល។
លោក សុខ ថុល បានថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានជ្រើសរើសយកទឹកដីខេត្តសៀមរាប ដើម្បីរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ក្នុង គោលបំណង ដើម្បីទទួលបានព័ត៌មានជាមួយនឹងទស្សនទានពីនិយ័តករ នូវបទប្បញ្ញត្តិ ប្រកាស និងសារាចរ ណ៍ណែនាំថ្មីៗ ការបង្ហាញពីបច្ចុប្បន្នភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ព្រមទាំងពិនិត្យមើលនិន្នាការសំខាន់ៗ បញ្ហាប្រឈម និងឱកាស ការសម្របសម្រួលក្នុងការចែករំលែកនូវចំណេះដឹង ក្នុងចំណោមអ្នកអនុវត្ត អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងអ្នកពាក់ព័ន្ធផ្សេងទៀត ការបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងឧត្តមានុវត្តន៍នៃផលិតផលហិរញ្ញវត្ថុ និងការផ្តល់សេវាកម្ម ជាគំរូ និងការស្វែងយល់ពីសក្តានុពលនៃបច្ចេកវិទ្យាដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធ ភាពប្រតិបត្តិការ។
លោកសង្ឃឹមថា សន្និសីទថ្ងៃនេះ ក៏ជាឱកាសដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនង និងធ្វើការ ចែករំលែកនៅបទពិសោធ និងការអនុវត្តល្អ អំពីយន្តការក្នុងការលើកកម្ពស់កិច្ចការពារអតិថិជន ការទទួល បាននូវហិរញ្ញប្បទានបៃតង និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលបម្រើ និងផ្តល់នូវដំណោះស្រាយ អាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដល់ប្រតិបត្តិការរបស់គ្រឹះស្ថាន និងវិស័យក្នុងការឆ្ពោះទៅរកការពង្រឹងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈការចែករំលែក និងធ្វើបទបង្ហាញដោយអ្នកជំនាញ អ្នកអនុវត្ត និងអ្នករៀបចំគោលនយោបាយជាច្រើន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ៕