(អាមេរិក)៖ រហូតមកដល់ពេលនេះ ចំនួនមនុស្សស្លាប់នៅប្រទេសហៃទី ដែលបណ្តាលមកពី ព្យុះ Hurricane Matthew ដែលជាព្យុះ ដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍ បានកើនឡើងដល់៨៧៧នាក់ ហើយវាក៏បានផ្តាច់ជីវិត ប្រជាជនអាមេរិកយ៉ាងហោចណាស់ ៨នាក់ ក្នុងនោះមាន៣នាក់នៅរដ្ឋ North Carolina ៤នាក់ នៅតំបន់ឆ្នេរ ភាគខាងកើតនៃរដ្ឋផ្លូរីដា និង ១នាក់ នៅក្នុងរដ្ឋGeorgia។ នេះបើតាមការផ្សាយរបស់ ស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦។
អាជ្ញាធរនៃបណ្តារដ្ឋរបស់អាមេរិក នៅភាគខាងត្បូង បានបង្ហាញតួលេខមកហើយ គឺរហូតមកដល់ ពេលនេះប្រជាជនរស់នៅតំបន់ ដែលត្រូវព្យុះ Hurricane Matthew វាយប្រហារចំនួនជាង ១លាននាក់ គ្មានអគ្គិសនី ប្រើប្រាស់ ហើយមនុស្សដែលស្លាប់ទាំង៩ នាក់នោះ អ្នកខ្លះត្រូវបាន ជញ្ជាំង ពិតាន និង ដើមឈើរលំសង្កត់។ ព្យុះHurricane ខាងលើនេះនៅតែធ្វើដំណើរ យ៉ាងលឿនក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោងខណៈ ភ្លៀងធ្លាក់យ៉ាងសន្ធាប់នឹងបង្កជាមហន្តរាយដ៏ធំធេងបំផុត សម្រាប់រដ្ឋផ្លូរីដាប៉ុន្តែព្យុះកំណាចនេះ ហាក់ដូចជា បានថមថយឥទ្ធិពលហើយ។
គួរបញ្ជាក់ថាប្រជាជនអាមេរិក រាប់លាននាក់ត្រូវបាន អាជ្ញាធរអំពាវនាវឲ្យភៀសខ្លួនចេញជាបន្ទាន់ពីតំបន់ឆ្នេរ ភាគខាងត្បូង និងខាងកើត រដ្ឋផ្លូរីដា ដើម្បីសុវត្ថិភាព ប៉ុន្តែពួកគេមួយចំនួនមិនបានអនុវត្តន៍តាមការអំពាវនាវ នោះឡើយ។ អាជ្ញាធរអាមេរិក បានបន្ថែមថា បណ្តាកោះតូចៗ មួយចំនួន នៅក្នុង សមុទ្រការីបៀននឹងអាចបាត់ ចេញពីផែនទី ដោយសារតែការវាយសង្គ្រប់របស់ព្យុះកំណាច Hurricane Matthew៕