(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានត្រៀមយកទូកងប្រភេទ បុរសចំនួន៣គ្រឿង ដែលសុទ្ធសឹងជាទូកធ្លាប់បានដណ្តើមជ័យលាភីជូនខេត្ត ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអភិបាលខេត្តបានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងចែកឯកសណ្ឋានដល់ចំណុះទូកង «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» ជាទូករបស់លោក ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកស្រី ជា ខេង ស៊ុយសែម ក្រោមឧបត្ថម្ភទាំងស្រុងពីសំណាក់លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានជម្រាបជូនអំពីប្រវត្តិទូកង «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» មានដើមកំណើតនៅខេត្តព្រះវិហារ ធ្វើអំពីឈើគគីរ មានបណ្តោយ៣៥ម៉ែត្រ និងមានចំណុះ៧៧នាក់។ ដោយសារវត្តរាំងទិល ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង នៅជាប់នឹងបឹងទន្លេសាប ហើយក៏ជាវត្តធ្លាប់មានទូកងពីដើមមកនោះ លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក៏បានប្រគេនទូកងនេះដល់ព្រះតេជគុណ លឹម គឹមសៀ ព្រះគ្រូចៅអធិការវត្តរាំងទិល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១០ ដោយបានដាក់ប្រសិទ្ធនាមទូកងឈ្មោះ «រាំងទិលសាគរសែនមានជ័យ» មានប្រវត្តិចូលរួមប្រកួត៣លើកនៅរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំនួន២លើក និងលេខ២ ចំនួន១លើកនៅក្នុងអំឡុងឆ្នាំ២០១០-២០១១ និង២០១៤។ បន្ទាប់ពីខកខានក្នុងការចូលរួមប្រកួតមួយរយៈទូកង «រាំងទិលសាគរសែនមានជ័យ» មានសភាពទ្រុឌទ្រោមផ្នែកខ្លះ ពុំមានលទ្ធភាពក្នុងការជួសជុល ម្យ៉ាងជាប់កសាងទីវត្តអារាមផងនោះ ព្រះតេជគុណ ស គឹមឆាយ ព្រះចៅអធិការវត្តឯករង្សី និងបានការឯកភាពពីលោក ស៊ុយ សែម ប្រគល់ជូនព្រះចៅអធិការវត្តឯករង្សី ហៅវត្តកញ្ជរខាងត្បូង ដើម្បីគ្រប់គ្រងជួសជុលនិងថែរក្សានៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៤ ដោយបានប្តូឈ្មោះទៅជា «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» វិញ។
លោក ខូយ រីដា បានកោតសរសើរនិងលើកទឹកចិត្តដល់ចំណុះទូកង «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» ទាំងអស់ ដែលកន្លងមកតែងបានខិតខំបញ្ចេញកម្លាំងកាយ ចិត្ត ស្មារតី ឆន្ទ: និងទេពកោសល្យ ដណ្តើមជ័យលាភីជូនខេត្ត។
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែវិច្ឆិកាខាងមុខនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវវិន័យ និងរួមសាមគ្គីគ្នាជាកម្លាំងដ៏រឹងមាំមួយ ដើម្បីយកជ័យជម្នះលើគួរប្រកួតរបស់ខ្លួនជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានបន្តចុះពិនិត្យមើលទូកងមួយគ្រឿងទៀតឈ្មោះ «តេជោសែនជ័យបារមីឃ្លាំងមឿង» របស់វត្តកញ្ជរខាងជើង ព្រមទាំងចុះត្រួតពិនិត្យការរៀបចំបរិស្ថានសិក្សាអប់រំ និងតម្រង់ទិសដល់សិស្សានុសិស្ស នៃវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ។
គួរជម្រាបជូនថា ទូកងប្រភេទបុរសចំនួន៣គ្រឿង ដែលត្រូវចូលរួមប្រកួតប្រជែងនៅឯរាជធានីភ្នំពេញ រួមមាន៖
ទី១៖ ទូក «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» ឧបត្ថម្ភដោយលោកអ្នកឧកញ៉ា ទ្រី ភាព
ទី២៖ ទូក «តេជោសែនជ័យបារមីឃ្លាំងមឿង» រដ្ឋបាលខេត្តពោធិ៍សាត់
ទី៣៖ ទូក «តេជោកែវវិជ័យបារមីចៅសែន» រដ្ឋបាលខេត្តពោធិ៍សាត់៕