(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យ​ដឹង​ថា កិច្ចប្រជុំដែលធ្វើឡើងក្រោមមូលបទ «គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហា​ប្រឈម និងកាលានុវត្តភាព» លោក នឹងអញ្ជើញថ្លែងសុន្ទរកថា​ក្នុងកិច្ចប្រជុំនេះ រួមជាមួយរដ្ឋ​មន្ត្រី​នៃប្រទេសជាសមាជិកអាស៊ានដទៃទៀត ស្ដីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងស្ថានភាព​គ្រួសារ​អាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំ និងសន្និសីទនេះ លោករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំទ្វេភាគីដាច់​ដោយ​ឡែក​ជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ ប្រទេសសិង្ហ​បុរី នៅ​ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារលើកិច្ច​សហការស្តីពីកិច្ចការគ្រួសារ​រវាង​កម្ពុជា និងសិង្ហបុរី។

លោករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George នៃរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយក ប្រតិបត្តិអង្គការ Care for Children ដើម្បីពិភាក្សាលើគម្រោងរបស់អង្គការ Care for Children នៅកម្ពុជាផងដែរ៕