(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបញ្ជាក់ពីការស្វាគមន៍ចំពោះវិស័យឯកជននានាដែលមានបំណងចង់ចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណនៅតំបន់អង្គរ។
ការបញ្ជាក់នេះធ្វើឡើងពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដើមឈើរួមគ្នាចំនួន២,០០០ដើមជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី សរុប៥០០នាក់។
លោកបណ្ឌិត ហង់ ពៅ បានលើកឡើងថា ស្វាគមន៍ចំពោះវិស័យឯកជននានាដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។ លោកអគ្គនាយកបានបញ្ជាក់អំពីសារសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះចាប់តាំងពី២០០៤មក អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ និងរៀបចំផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
លោក ប៊ុន យីន បានលើកឡើងថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពការពារអភិរក្ស និងថែរក្សាបរិស្ថាន។ លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ីបានសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើឡើងវិញក្នុងរមណីយអង្គរ ព្រមទំាងបង្កើតឱ្យមានគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងលើការដាំនិងថែរក្សាដើមឈើរយៈពេលយូរអង្វែង៕