(ភ្នំពេញ)៖ កម្ពុជា​ និង​ចិន បានរៀបចំវេទិកា «សហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ឆ្នាំ២០២៤» ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិនបន្ថែមទៀត​ ជាពិសេសលើផ្នែកបច្ចេកវិទ្យា​ ​និងជំរុញនូវការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល​រវាងប្រទេសទាំងពីរ។​

«វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ២០២៤» បានរៀបចំឡើង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ក្នុងវេទិកានេះថា កម្ពុជានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត​ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។​ ​តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​ ដូចជា ប្រព័ន្ធបញ្ជរតែមួយជាតិជាដើម​ បានចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។

ទន្ទឹមនេះ​ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រោងនឹងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (e-invoicing system) នាពេលដ៏ខ្លីខាងមុខ ដែលការណ៍នេះនឹងបង្កភាពកាន់តែងាយស្រួល ដល់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន។ ជាងនេះទៀត, ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ សម្រាប់សេដ្ឋកិច្ចឌីជីថល​ កម្ពុជា និងចិន បាននិ កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ។

សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបានអនុវត្តគម្រោង Go4eCam ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា​។ កាលពីឆ្នាំ ២០២៣ កន្លងទៅ​កម្ពុជាក៏បាន ចុះអនុស្សារណៈភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោក បែបអេឡិចត្រូនិក ​ជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក​ ការកសាងសមត្ថភាព និង បច្ចេកវិទ្យាឌីជីថល​ និង ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ក្នុងទិដ្ឋភាពនៃការទូទាត់សងប្រាក់ឌីជីថល​ ថ្មីៗនេះ​ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវការទូទាត់សងប្រាក់ឆ្លងកាត់ព្រំដែន ដោយប្រើប្រាស់ឃ្យូអរកូដ ជាមួយក្រុមហ៊ុន Ant International តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់ ឌីជីថលកម្ពុជា ហៅកាត់ថា «បាគង» ជាមួយនឹង «Allpay+» ដែលត្រូវបានប្រើប្រាស់ ជាមធ្យោបាយទូទាត់សងប្រាក់ដ៏ពេញនិយមមួយរបស់ប្រជាជនចិន។

កិច្ចសហការនេះ នឹងសម្រួលច្រើន ដល់ការបញ្ជាទិញ និងការទូទាត់របស់ប្រជាជន​ ជាពិសេស សម្រាប់ភ្ញៀវទេសចរ រវាងប្រទេសទាំង២​។ ម្យ៉ាងវិញទៀត​ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បាននិងកំពុងវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា​ ដែលប្រការនេះបាននាំមកនូវឱកាសការងារ និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មី ក៏ដូចជា ការផ្ទេរបច្ចេកវិទ្យា​ ដែលជាយថាហេតុនឹងជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផងដែរ។

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា​ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនៈ វិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លា ដល់កម្ពុជាក្នុងការសម្រេចបាននូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។ ហើយការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំង ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិន និងកម្ពុជាទាំងពីរ។ ​

គួរជម្រាបផងដែរថា នៅដើមឆ្នាំ២០២៤នេះ កម្ពុជាចិនសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៩.៨ពាន់លានដុល្លារ កើនឡើង១៣.២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំ ១.២៧ពាន់លានដុល្លារ កើនឡើង២១% ខណៈការនាំចូលពីចិនមកវិញ​មានទំហំ ៨.៥២ពាន់លានដុល្លារ កើនឡើង១២%​៕