រុស្ស៊ីទាត់ចោលដំណោះស្រាយ បទឈប់បាញ់ស្ដីពីស៊ីរី ស្នើឡើងដោយប្រទេសបារំាង
09-10-2016 09:32
(ញូយ៉ក)៖ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់រដ្ឋាភិបាលស៊ីរី និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ បានសម្រេចចិត្តប្រើសិទ្ធិវ៉េតូជំទាស់ទៅនឹង ដំណោះស្រាយលើបទឈប់បាញ់មួយ នៅក្នុងទីក្រុងអាឡេប៉ូ ដែលស្នើឡើងដោយភាគី បារាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ ប្រធានាធិបតីបារំាង លោក ហ្វ្រង់ស័រ ហូឡង់ បាននិយាយដែរថា ប្រទេសណាមួយដែល ប្រើប្រាស់សិទ្ធវេតូជំទាស់ នឹងដំណោះស្រាយរបស់ទីក្រុង ប៉ារីស ស្ដីពីស៊ីរី នឹងបាត់បង់ការជឿទុកចិត្តពី សំណាក់ពិភពលោកទំាងមូល។ តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសរុស្ស៊ី អះអាងថា ការជំទាស់នៅពេល នេះគឺដោយមើលឃើញថាដំណោះស្រាយ ស្នើឡើងដោយបារំាងគឺមានតែធ្វើឱ្យ ភាពតានតឹងនៅក្នុងប្រទេស ស៊ីរីកាន់តែកើនឡើងតែប៉ុណ្ណោះ ខណៈក្រុមប្រឹក្សាសន្តិសុខក៏បានច្រានចោល សំណើរពីភាគីទីក្រុង មូស្គូផងដែរ ។
សូមជំរាបថា ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១១បានបោះឆ្នោតគំាទ្រ ហើយចិននិងអង់ហ្គោឡា បានអនុប្បវាទ ចំណែកឯ រុស្ស៊ី និង វេណេហ្ស៊ុយអេឡា បានជំទាស់ទៅនឹងដំណោះស្រាយបទឈប់បាញ់របស់ បារំាង ស្របពេលដែលមនុស្សជាង ២៧៥,០០០ នាក់ក្នុងនោះមាន១០០,០០០នាក់ ជាកុមារកំពុងជាប់គំាង នៅតាមតំបន់ភាគខាងកើតទីក្រុងអាឡេប៉ូ។ នេះបើតាមអង្គការសហប្រជា ជាតិ៕