(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងដំឡើងឋានន្តរសក្តិជូននាយទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ចំនួន ៥៤នាក់។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភ និងក្រុមគ្រួសារផងដែរ។
ជំនួសមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងក្នុងនាមនាយកទីចាត់ការចលនូប្បត្ថម្ភ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភដែល បានគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងមានសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈស្មោះត្រង់ តស៊ូពុះពារគ្រប់ឧបសគ្គ និងមានសេចក្ដីក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួម ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងត្រៀមខ្លួនគ្រប់ពេលវេលាចូលរួមជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ជាមួយនឹងការសសើរនេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានគូសបញ្ជាក់ផងដែរអំពីការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិជូនយោធិនទីចាត់ការចលនូប្បត្ថម្ភ គឺបានប្រព្រឹត្តិទៅដោយមានយន្តការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់ លើសីលធម៌ គុណធម៌ សមត្ថភាព គុណភាព និងលទ្ធផលការងារ ជាពិសេសគោលការណ៍ដែលមានចែងក្នុងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ ម្យ៉ាងវិញទៀតកិច្ចការនេះ ទីចាត់ការចលនូប្បត្ថម្ភបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌកំណត់របស់ទីចាត់ការបុគ្គលិក និងគោលការណ៍ដឹកនាំរបស់ អគ្គបញ្ជាការ។
លោក ហួត ឈាងអន បានយកឱកាសនេះ ផ្តាំផ្ញើនាយទាហាននាយទាហានរង និងពលទាហាន ដែលទទួលបានការតែងតាំងមុខដំណែង និងការដំឡើងឋានន្តរសក្តិនាពេលនេះមានជាអាទិ៍៖
*ត្រូវលើកកម្ពស់ស្មារតីមនសិការស្នេហាជាតិ ប្តេជ្ញាការពារបូរណភាពទឹកដី ការពារជាតិ មាតុភូមិ ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាជន។
*ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញ និងសម្រេចគ្រប់ភារកិច្ច ដែលបាន ប្រគល់ឲ្យ ជានិច្ចកាលធ្វើជាគំរូក្នុងការគោរពឲ្យបានម៉ឺងម៉ាត់ ច្បាប់របស់រដ្ឋ ក្រឹត្យវិន័យរបស់កងទ័ព អនុវត្តន៍ត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់អគ្គបញ្ជាការ។
*រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ទប់ស្កាត់នូវរាល់ឧបាយកលញុះញង់ បំបែកបំបាក់របស់ពួកអមិត្ត ប្រឆាំងតបចំពោះសង្គ្រាមចិត្តសាស្ត្រ តាមរយៈគ្រប់រូបភាព និងចេះ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅគ្រាមានការពឹងពាក់ចាំបាច់។
*លើកកម្ពស់សីលធម៌រស់នៅ និងការពង្រឹងកាយសម្បទា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទ មិនត្រូវល្មើសច្បាប់ចរាចរណ៍ មិនប្រើប្រាស់អាវុធខុសច្បាប់ មិនប្រព្រឹត្តអំពើឆបោក និងអំពើដែលច្បាប់ហាមឃាត់ និងសង្គមស្អប់ខ្ពើម។
*បន្តការសិក្សារៀនសូត្រ ចំណេះដឹងជំនាញថ្មីៗ និងភាសារបរទេសដើម្បីលើកកម្ពស់ សមត្ថភាព និងគុណភាពការងារ។
*ត្រូវយកចិត្តទុកដាក់ថែរក្សាគ្រឿងបំពាក់ ទ្រព្យសម្បត្តិរបស់កងទ័ព៕