Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងបាងកក

09-10-2016 08:00

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០១៦។ ការអញ្ជើញចូលរួមរបស់ម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តី នៃប្រទេសថៃ។

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook «បន្តិចទៀតនេះខ្ញុំនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដែលនៅទីនោះមានកិច្ចការជាច្រើន ដែលកំពុងរង់ចាំទាំងទ្វេភាគីទាំងពហុភាគី។ ល្ងាចស្អែកខ្ញុំនឹងវិលត្រឡប់មកមាតុប្រទេសវិញ។ ជូនពរជនរួមជាតិជួបតែសេចក្តីសុខ»។

សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាង សហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕