(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងប្រវត្ដិនៃពិធីបុណ្យរបស់កម្ពុជា បើនិយាយអំពីប្រវត្ដិសាស្រ្ដទឹកដីកម្ពុជាក្រោម ចាប់តាំងពីឃ្លាតចាកដាច់ពីគ្នា ដោយត្រូវពួកអាណានិគមនិយមបារាំងសែស បានសម្រេចកាត់ទៅឲ្យវៀតណាមទាំងស្រុងនាឆ្នាំ១៩៤៩មក គឺនេះជាលើកទីមួយហើយ ពិធីបុណ្យកឋិនទាន ដែលរៀចំទ្បើងជាផ្លូវការក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា ចាប់ពីពេលនោះមក គឺមិនធ្លាប់មាននោះទេ។

ស្ថិតក្នុងបរិការណ៍ប្រវត្ដិសាស្រ្ដនេះ បច្ចុប្បន្ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៣-៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយថ្ងៃទី៣វិច្ឆិកានេៈ មានការសូត្រមន្ដនៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចបវរធិបតី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឥស្សរជនគ្រប់ជាន់ថ្នាក់,ស្ថាប័នរដ្ឋសភា, ព្រឹទ្ធសភា , ព្រះសង្ឃទាំងពីរគណៈនិងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនាជាតិដ៏ថ្កើងថ្កានតាំងពីបុរាណនៃយើង ពោរពេញដោយភាពអធិកអធម និងសប្បាយរីករាយក្រៃលែងក្នុងស្មារតីខ្មែរក្រោម, ខ្មែរកណ្តាល និងខ្មែរលើ ជាខ្មែរតែមួយ ដូចសាធារណៈមតិជាតិ និងអន្ដរជាតិឃើញនេះ។

លោក រ័ត្ន សណ្ដាប់ យល់ថា ចំពោះការកើតទ្បើងពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដែលចេញពីទឹកចិត្ដដ៏ជ្រះថ្លារបស់សម្ដេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដ៏ប្រពៃថ្លៃថ្លានាពេលនេះ គឺជាការបំពេញបំណងប្រាថ្នា ក្ដីស្រម៉ៃដ៏ធំធេងដល់មាតាបិតារបស់សម្តេច គឺសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រកបដោយធម៌កតញូ។ ព្រោះពិធីបុណ្យដ៏ប្រពៃថ្លៃថ្លានេះ សម្តេចបវរធិបតី និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានប្រែក្លាយក្តីសុបិន្ដរបស់​លោកទាំងទ្វេ ទៅជាការពិត និងបានចារឹកជាប្រវត្ដិសាស្រ្ដតរៀងទៅ។

ដោយហេតុថា បើយើងនិយាយអំពីក្ដីសុបិន្ដ, បំណងប្រាថ្នា និងក្ដីស្រម៉ៃរបស់លោកអ្នកមានគុណរបស់សម្ដេចទាំងទ្វេ មានរយៈពេល១២ឆ្នាំមកហើយ គឺតាំងពីឆ្នាំ២០១២មកម៉្លេះ។ នេះសបញ្ជាក់ឲ្យឃើញថា សម្ដេចបវរធិបតី និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គឺជាកុលបុត្រកុលធីតា ដ៏ឆ្នើមប្រកបដោយគន្លងធម៌ ព្រោះការដឹងគុណដល់មាតាបិតា គឺជាគ្រឿងលម្អដ៏ស័ក្ដិសិទ្ធទ្រនូវអំពើល្អ នាំដល់សន្ដិភាព ក្នុងសង្គមគ្រួសារនិងសង្គមជាតិ។

បើពោលអំពីការដឹងគុណក្នុងផ្លូវលោក និងផ្លូវធម៌នេះទៀតសោត ចំពោះកូនដែលដឹងគុណដល់មាតាបិតាបុរាណហៅថា "កូនល្អ" ឬមនុស្សក្នុងសង្គមល្អ ដូចពុទ្ធសុភាសិតពោលថា ព្រះពុទ្ធកាលពីព្រះអង្គ ពុំទាន់ត្រាស់ដឹង គឺទ្រង់បំពេញពុទ្ធកិច្ចគ្រប់ៗជាតិរបស់ព្រះអង្គ គឺចិញ្ចឹមនិងទំនុកបំរុងមាតាបិតារហូតដល់ព្រះអង្គត្រាស់ដឹងជាព្រះពុទ្ធ ។ ព្រោះគុណមាតាបិតាទាំងទ្វេធំធេងណាស់ ដូចសុភាសិតបុរាណខ្មែរពោលថា "ម៉ែឪមានគុណ គុណមានទម្ងន់ ធ្ងន់ដូចប្រថពី គ្មានអ្វីនិងស្មើ គុណលោកទាំងពីរ មាសប៉ុនគិរី ថ្លៃពុំស្មើហោង"។ នេះបានន័យថាគុណមាតាបិតា ជាអនន្តគុណ មិនអាចគណនាបានទ្បើយ។ ព្រះពុទ្ធបានហៅមាតាបិតា ថាជាព្រះព្រហ្ម គឺលោកជាអ្នកបង្កើត និងផ្ដល់ព្រហ្មវិហារធម៌ ក្ដីស្រទ្បាញ់គ្មានលក្ខខណ្ឌ រងការលំបាកដោយមិនខ្លាចនឿយហត់ ចាប់តាំងពីពេលមកចាប់កំណើតពរពោះក្នុងផ្ទៃ រហូតដល់កូនលាចាកលោកទៅវិញ។

ដូច្នេះចំពោះកុលបុត្រកុលធីតាណា ដែលមានធម៌កតញ្ញូដល់គុណមាតាបិតា និងបុព្វការីជនរបស់ខ្លួន គឺកុលបុត្រកុលធីតាទាំងនោះ រមែងបានទទួលនូវកុសលផល្លានិសង្ស គឺមានអាយុវែង មានមនុស្សនិងទេវតាកោតសរសើរ និងជួយថែរក្សាឲ្យបានជួបតែសេចក្ដីសុខក្សេមក្សាន្ដ ដោយគេចផុតពីឧបសគ្គតូចធំ ផងទំាងពួង។នេះហើយ គឺជាធម៌ដឹងគុណ គឺគ្មានបុណ្យអ្វី ប្រសើរថ្លៃថ្លាជាងធម៌កតញូនេះឡើយ ដូចបុរាណពោលថា " បើបុត្រធីតាទំាងទ្បាយណា បានប្រតិបត្ដិដល់គុណមាតាបិតា គឺបុត្រធីតាទំាងនោះ បានធ្វើខ្លួនឲ្យស្ថិតនៅក្នុងសភាពជាមនុស្សដ៏ប្រសើរ ឧដុង្គឧត្ដមខ្ពង់ខ្ពស់ មានចិត្ដគំនិតល្អប្រពៃថ្លៃថ្លាបំផុត"៕