(មណ្ឌលគិរី)៖ ការបោះជំរំរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដី​ខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយ​ភាព​ជោគជ័យ ជាមួយស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់​សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម។

ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិនារី​កម្ពុជា ទាំង ៦សាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ជាច្រើន តាមរយៈការអប់រំ បំណិនជីវិត និងការកម្សាន្តសប្បាយ ដោយក្នុងនោះ មានសកម្មភាព​សំខាន់ៗ ដូចជាការធ្វើសមាធិ និងយោគៈ ការពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សាក្រុម ការបង្រៀនធ្វើម្ហូប ព្រមទាំងការរៀបចំពិធីដុតភ្លើងគប់ ដើម្បីឆ្លុះបញ្ចាំងពីភាពអង់អាច​នៃកម្លាំ​ង​សាមគ្គី​របស់យុវតី។ តាមរយៈសកម្មភាពទាំងអស់នេះ គឺបានបង្រៀនឱ្យពួកគេចេះធ្វើការ​ងារជា​ក្រុម ចេះសហការគ្នា ចេះស្រលាញ់គ្នាដូចជាបងប្អូន ចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា និងជាពិសេសបានពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ពួកគេដើម្បីក្លាយជាយុវតីគំរូ និងជាធនធានមនុស្សល្អនៅក្នុងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍នៅ​ក្នុង​ថ្ងៃបើកការបោះជំរំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗបន្ថែម ហើយនៅជំហានបន្ទាប់ សមាគមនឹងបន្តអនុវត្តតាមផែនការសកម្មភាពក្នុងចក្ខុវិស័យធ្វើយ៉ាង​ណា​ផ្ដល់ការអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្ន​ក​ដឹកនាំនាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុមក្នុងកម្លាំងសាមគ្គីភាព ដើម្បីជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោកជំទាវបណ្ឌិតក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោកមកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក មានស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុងជួររាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏បានផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ និងបង្ហាញការជឿជាក់ថាយុវតីកម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។

តាមរយៈការបោះជំរំប្រចាំឆ្នាំនេះ ក៏បានផ្ដល់ឱកាសឱ្យប្អូនៗ កុមារី និងយុវតី បានឈ្វេងយល់បន្ថែម​ទៀត​ពីសក្ដានុពលទេសចណ៍ក្នុងទឹកដីភូមិភាគឦសាន ក៏ដូចជាបានស្គាល់ពីវប្បធម៌ប្រពៃណី និងការរស់នៅរបស់ប្អូនជនជាតិដើមភាគិតិចពូនង ព្រមទាំងការធ្វើទស្សនកិច្ចនៅតំបន់បង្គោល​ព្រំដែនកម្ពុជា-វៀតណាម ថែមទៀតផង។

៣ យប់ ៤ ថ្ងៃ នៃការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ ប្រកបដោយស្នាម​ញញឹម និងអនុស្សាវរីយ៍ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ព្រមទាំងមានការជួយអន្តរាគម​ពីសំណាក់កងរាជអាវុធហាត់ និងមន្រ្តីនគរបាល ខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្ដេចតេជោ។

គួរជម្រាបជូនថា ការបោះជំរំប្រចាំឆ្នាំនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣១ ខែតុលា - ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» ។ នេះគឺជាការបោះជំរំលើកទី៣​ហើយ ចាប់តាំងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការរបស់សមាគម។

ក្នុងរយៈពេល៣ឆ្នាំនេះ សមាគមកាយឫទ្ធិនារីកម្ពុជា មានមោទកភាពចំពោះបេសកកម្មរបស់ខ្លួន ចំពោះវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើតស្នាមញញឹម និងភាពកក់ក្តៅមិនចំពោះតែ សមាជិកាគ្រប់រូប ប៉ុន្តែជាពិសេសភាពស្និទ្ធិស្នាលនិងការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ស្មារតី ពីសំណាក់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងមានការចូលរួមពីសមាជិកា សមាជិកគាំទ្រ និងសប្បុរសជនជាច្រើនផ្សេងទៀត៕