(ភ្នំពេញ)៖ កសិករម្ចាស់ចម្ការ ព្រមទាំងអ្នកជំនាញក្នុងស្រុក និងបរទេសប្រមាណ១០០នាក់ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលរួមសិក្ខាសាលាបច្ចេកទេស ផលិតកម្មទុរេនខុសរដូវនៅប្រទេសកម្ពុជា។

សិក្ខាសាលាស្ដីពីផលិតកម្មទុរេនខុសរដូវនេះ រៀបចំឡើងដោយក្រុមហ៊ុន អាហ្គ្រោហ្វាម៉ាស៊ី ឬហៅ សេះបង្កង់ និងក្រុមហ៊ុនអូលមិច វៀតណាម ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូលមិច គ្រុប ដែលមានមូលដ្ឋានធំនៅប្រទេសបារាំង។

វាគ្មិនសំខាន់ៗ ដែលចូលរួមចែករំលែកបច្ចេកទេសនិងបទពិសោធន៍ផលិតកម្មទុរេន រួមមាន៖ លោកស្រីទ្រឿង លៀង អ្នកជំនាញស្រាវជ្រាវ និងជាអ្នកបច្ចេកទេសទុរេនខុសរដូវ មកពីវិទ្យាស្ថានស្រាវជ្រាវដំណាំឈើហូបផ្លែភាគខាងត្បូងវៀតណាម ហៅកាត់ SOFRI, លោក ង្វៀង ឡុង ប្រធានបច្ចេកទេសមកពីក្រុមហ៊ុន អូលមិច វៀតណាម, និងលោក ហ៊ល ឡុង ប្រធានបច្ចេកទេសក្រុមហ៊ុនសេះបង្កង់។

ក្នុងអំឡុងសិក្ខាសាលាកន្លះថ្ងៃនេះ ម្ចាស់ចម្ការទុរេនមកពីស្រុកសំឡូត ក៏បានចែករំលែកសក្ខីកម្មនៃជោគជ័យរបស់លោក ក្នុងការអនុវត្តបច្ចេកទេសទុរេនខុសរដូវនេះផងដែរ។

លោក កង សាវ៉ាង នាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី (សេះបង្កង់) បានថ្លែងថា ដំណាំទុរេនជាដំណាំដ៏មានសក្ដានុពលនៅកម្ពុជា រីឯទីផ្សារក៏មានទំហំធំ ប៉ុន្តែ ការផលិតនៅកម្ពុជា នៅមិនទាន់គ្រប់តម្រូវការនៅឡើយ។

លោកបានបន្តថា នៅវៀតណាមជិតខាងកម្ពុជា ផលិតកម្មទុរេនគឺគេធ្វើបានពេញមួយឆ្នាំ ដូច្នេះហើយទើបក្រុមហ៊ុនសេះបង្កង់នៅកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុនវៀតណាម ដើម្បីធ្វើឱ្យបច្ចេកទេសធ្វើទុរេនខុសរដូវក្លាយជាការពិត ដើម្បីជាប្រយោជន៍ដល់កសិករខ្មែរ។

នៅមុនរៀបចំសិក្ខាសាលានៅថ្ងៃនេះ ក្រុមហ៊ុន សេះបង្កង់ និងដៃគូវៀតណាម បានចាប់ផ្ដើមអនុវត្តដោយជោគជ័យ នូវបច្ចេកទេសទុរេនខុសរដូវ ឬហៅថា ពន្លឿនរដូវនេះ រួចជាស្រេចហើយ នៅចម្ការទុរេននៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោក សាវ៉ាង បានបន្តថា សិក្ខាសាលានៅថ្ងៃនេះ គឺជាការផ្ដល់ឱកាសដល់កសិករ ម្ចាស់ចម្ការ និងអ្នកពាក់ព័ន្ធ ក្នុងវិស័យផលិតកម្មទុរេននៅកម្ពុជា បានស្ដាប់បទបង្ហាញបច្ចេកទេស និងសួរសំណួរទៅកាន់អ្នកជំនាញដោយផ្ទាល់។

លោកសង្ឃឹមថា កសិករនិងម្ចាស់ចម្ការនៅកម្ពុជានឹងពង្រីកការដាំដុះទុរេន និងបង្កើនផលិតកម្មតាមរយៈបច្ចេកទេសទុរេនខុសរដូវនេះ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសផង។

លោក សាវ៉ាង ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនសេះបង្កង់របស់លោក នឹងផ្សព្វផ្សាយចែករំលែកបច្ចេកទេសទុរេនខុសរដូវនេះ ដោយឥតគិតថ្លៃ ទៅដល់កសិករនៅទូទាំងប្រទេសកម្ពុជា៕