(ភ្នំពេញ)៖ បណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាខ្លីមួយ ដើម្បីបណ្តុះបណ្តាលជូនសមាជិក សមាជិការបស់ខ្លួន ដើម្បីបានយល់ដឹងអំពីវិស័យព័ត៌មាន។ សិក្ខាសាលានេះ ធ្វើឡើងនៅទីស្នាក់ការណ្តាលយុវជនសង្គមស៊ីវិល ក្រោមប្រធានបទ៖ «អ្នកសារព័ត៌មានគួរមានអកប្បកិរិយាបែបណា សម្រាប់សង្គមជាតិ?»
សិក្ខាសិលានេះ មានវាគ្មិនកិត្តិយសពិសេសៗអញ្ជើញចូលរួម ដើម្បីណែនាំដល់សិក្ខាកាម អំពីការតាមដានពិនិត្យរាល់ព៌ត៌មានសង្គមផ្សេងៗ ជាពិសេសការពិចារណាបានល្អិតល្អន់ និងគ្រប់ជ្រុង មុននឹងចែកចាយ ឬផ្សព្វផ្សាយព័ត៌មានណាមួយតាមបណ្តាញសង្គម។
សិក្ខាសាលានេះ មានការចូលរួមដោយ លោក ខ្វៃ អាទិត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, លោក វណ្ណ សុគន្ធា ការីនិពន្ធនៃសារព័ត៌មានកម្ពុជាថ្មី, លោក ហេង សំណាង ប្រធានប្រតិបត្តិបណ្តុំអង្គការសង្គមស៊ីវិលផងដែរ។
លោក វណ្ណ សុគន្ធា ការីនិពន្ធនៃសារព័ត៌មានកម្ពុជាថ្មី បានលើកឡើងថា ព័ត៌មានមានសារសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ការទទួលបានព័ត៌មានពិតត្រឹមត្រូវ ច្បាស់លាស់ នាំឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ផ្ទុយទៅវិញប្រសិនបើ មានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតក្នុងសង្គមនោះ អ្នកទទួលព័ត៌មាននឹងសម្រេចចិត្តខុស ហើយខាតប្រយោជន៍។ ដូច្នេះ តួនាទីអ្នកសារព័ត៌មាន អ្នកផ្តល់ព័ត៌មាន រឹតតែសំខាន់ថែមទៀត ដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងផ្តល់នូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ លោក វណ្ណ សុគន្ធា ក៏ជំរុញឱ្យអ្នកប្រើប្រាស់តាមបណ្តាញសង្គម ត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះ ដោយសារមនោគមន៍វិជ្ជានយោបាយជ្រុមនិយម និងព័ត៌មានមិនពិត ហើយចែកចាយព័ត៌មានក្លែងក្លាយទាំងនោះដោយមិនដឹងខ្លួន។
បើតាម លោក ខ្វៃ អាទិត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, ប្រទេសកម្ពុជាជាប្រទេសដែលមានសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិលើសលុប។ លោកជំរុញឱ្យប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ សមិទ្ធផលរបស់ជាតិ ក៏ដូចជាការពារជាតិ តាមរយៈការផ្សាយព័ត៌មានដែលមានប្រយោជន៍ ពិសេស ចូលរួមទប់ស្កាត់រាល់សកម្មភាពណា ដែលផ្សាយញុះញង់បញ្ឆេះកំហឹង ឲ្យមានការរើសអើងជាដើម។
ក្នុងសិក្ខាសាលានេះ លោក ហេង សំណាង ប្រធានប្រតិបត្តិបណ្តុំអង្គការសង្គមស៊ីវិល បានជម្រាបជូនដល់សមាជិក សមាជិកា របស់ខ្លួន ឲ្យចូលរួមគ្រប់សកម្មភាព គ្រប់ទម្រង់ ក្នុងន័យបម្រើសង្គមជាតិ។ លោកបន្តថា «ទោះបីជាយើងមិនមានអ្វីជូនសង្គមជាតិច្រើន យើងក៏អាចចូុលរួមផ្នែកណាមួយដែលខ្លួនពេញចិត្ត មានជំនាញ ឲ្យធ្វើបានល្អ គឺចាត់ទុកថា ជាអ្នកចូលរួមបំពេញកិច្ចការសង្គមជាតិផងដែរ កុំប្រព្រឹត្តទង្វើខុសច្បាប់គឺគ្រប់គ្រាន់ហើយ»៕