(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា បញ្ហាទឹកនោមផ្អែម ជាបញ្ហាធំសម្រាប់នៅកម្ពុជា ហើយបញ្ហាសុខភាពសាធារណៈដ៏ធំ ហើយមិនត្រឹមតែនៅកម្ពុជានោះទេ គឺនៅលើសកលលោក ដូច្នេះលោកសាស្ដ្រាចារ្យបន្ដអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិក សមាជិការសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស ដូចជាសាលារៀន និងសហគមន៍ ពីការបង្ការ ការពារ ដោយការប្រុងប្រយ័ត្នខ្ពស់ពីជំងឺនេះ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នៅថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា ជំងឺទឹកនោមផ្អែម គឺអាចមានចំនួនកើនឡើងច្រើនជាបន្ដបន្ទាប់យ៉ាងកំហុគ តាមរយៈការរបៀបនៃការរស់នៅ មានដូចជាការហូបចុកជាដើម។ ដូច្នេះនៅពេលនេះអ្វីដែលយើងចង់បាន គឺមិនចង់ឱ្យមានករណីថ្មីកើនឡើងច្រើន និងស្លាប់ដោយជំងឺទឹកនោមផ្អែមនៅថ្ងៃស្អែក ជាងថ្ងៃនេះទេនោះទេ ដើម្បីកាត់បន្ថយអត្រាស្លាប់នៃជំងឺទឹកនោមផ្អែមទៅអនាគត»។

«ដូច្នេះស្នើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិក សមាជិការ សមាគម សូមបន្ដរួមចំណែកផ្ដល់កិច្ចសហការ និងការគាំទ្របន្ថែមទៀតក្នុងការអភិវឌ្ឍ កែទម្រង់ ក្នុងការបណ្ដុះបណ្ដាលនៅក្នុងវិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ពិសេសការបង្កើនការផ្សព្វផ្សាយអប់រំទៅដល់បណ្តុំមនុស្ស សាលារៀន រោងចក្រ និងសហគមន៍ជាដើម»។ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

លោកសាស្រ្តាចារ្យក៏បានថ្លែងគាំទ្រគ្រប់សមាគមទាំងឡាយ ដែលមានអ្នកជំនាញ ពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន ទាំងជាតិ និងអន្ដរជាតិ ដោយត្រូវអញ្ជើញចូលរួម ដើម្បីជាការផ្តល់តម្លៃដល់ស្ថាប័ន និងការឈានដល់ការចែករំលែកនូវបទពិសោធន៍ដល់អង្គពិធី។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួនទៀត ធ្វើយ៉ាងណាកាត់បន្ថយអត្រាអ្នកជំងឺទឹកនោមផ្អែម ដូចខាងក្រោម៖

១៖ ពង្រឹងការការពារ និងថែទាំសុខភាព តាមរយៈការហាត់ប្រាណ ពិសារអាហារប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ កុំពិសារភេសជ្ជៈណាដែលបណ្ដាលឱ្យឆាប់កើតជំងឺទឹកនោមផ្អែម (យល់ដឹងពីរបៀបរបបនៃការនៅប្រចាំថ្ងៃ)

២៖ ការរុករករោគវិនិច្ឆ័យឱ្យឆាប់ឃើញ ហើយឆាប់បានការព្យាបាល គឺការពង្រឹងការពារបឋម (Early Protection) ដើម្បីកុំឱ្យជំងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្ដាលឱ្យមានផលលំបាក

៣៖ ការលើកកម្ពស់នូវមធ្យោបាយព្យាបាល និងថែទាំឱ្យកាន់តែប្រសើរឡើង ទាំងរបៀបនេះនៃការរករោគវិនិច្ឆ័យ និងថ្នាំព្យាបាល ដោយការព្យាបាលជំងឺទឹកនោមផ្អែមត្រូវមានស្ដង់ដារតែមួយ ពីក្រសួងសុខាភិបាល ហើយបន្ដអនុវត្ដនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់

៤៖ ការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗ (Integrating technology) ដើម្បីបង្កើនប្រសិទ្ធភាពនៃតាមដាន ការព្យាបាល និងថែទាំជំងឺទឹកនោមផ្អែម ព្រោះជំងឺទឹកនោមផ្អែមនេះគឺត្រូវព្យាបាលមួយជីវិត

៥៖ ត្រូវមានកិច្ចសហការនៅក្នុងសង្គមទាំងមូល ទាំងគ្រូពេទ្យ និងសាធារណៈជន រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងរដ្ឋ និងឯកជន ឱ្យយល់ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងលើកកម្ពស់ការមើលថែជំងឺទឹកនោមផ្អែម

៦៖ ការជួយគំាទ្រដល់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ និងសហគមន៍ ដើម្បីឱ្យប្រជាជនយើងយល់ និងចូលរួមក្នុងការព្យាបាល ថែទាំជំងឺទឹកនោមផ្អែម ។ជាពិសេសរាល់អ្នកជំងឺទាំងអស់ ឈឺលើជំងឺអ្វីផ្សេងៗ ក៏គ្រូពេទ្យត្រូវយកចិត្ដទុកដាក់ក្នុងការស្រាវជ្រាវជំងឺទឹកនោមផ្អែមគាត់ផងដែរ។

សូមជម្រាបថា សន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជានាពេលនេះ គឺបានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹង សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗ និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន និងអាចចាប់យកឱកាស និងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព មានទំនួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យជំនួយ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។

សន្និសីទនេះដែររៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល ១ថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមពីសាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពី សឹង្ហបុរី, ឥណ្ឌា និងស្រីលង្កា៕