(ភ្នំពេញ)៖ កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កេតឃើញថា ការផ្សះផ្សាវិវាទការងារ មិនទាន់អាចឆ្លើយតបបានតាមតម្រូវការរបស់ភាគីវិវាទ ដែលធ្វើឱ្យអត្រាសះជាមិនទាន់សម្រេចបាន ១០០% នៅឡើយ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ បានបញ្ជាក់ទៀតថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សះផ្សាវិវាទការងារ និងឆ្លើយតបតាមសំណូមពររបស់ភាគីវិវាទ ដែល ជានិយោជកនិងកម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការផ្សះផ្សាវិវាទការងារសាឡើងវិញ ដូចខាងក្រោម៖

១៖ ក្នុងរយៈពេល ២ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីការផ្សះផ្សាវិវាទការងារដោយអធិការការងារ ឬអ្នក ផ្សះផ្សាដែលចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទទួលបាន លទ្ធផលសះជា ភាគីវិវាទអាចស្នើសុំជាលាយលក្ខណ៍អក្សររួមគ្នាមករដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សះផ្សាវិវាទការងារសាឡើងវិញ។

២៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចចាត់តាំង ឬប្តូរអ្នកផ្សះផ្សាដើម្បីធ្វើការ ផ្សះផ្សាវិវាទការងារនេះសាឡើងវិញបានស្របតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ស្តីពីការងារ។

៣៖ ប្រសិនបើការផ្សះផ្សាវិវាទការងារសាឡើងវិញនេះមិនទទួលបានលទ្ធផលសះជា ភាគីវិវាទមិន អាចស្នើសុំឱ្យធ្វើការផ្សះផ្សាសាឡើងវិញជាថ្មីម្តងទៀតបានទេ។ ភាគីវិវាទត្រូវគោរពតាមនីតិវិធី បន្តសម្រាប់ការដោះស្រាយវិវាទការងារនេះ។

ជាថ្មីម្ដងទៀត អាស្រ័យដូចបានជម្រាបជូនខាងលើ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន តំណាងនិយោជក អង្គការ វិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត តំណាងកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ត្រូវ អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕