(ភ្នំពេញ)៖ ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានរាជានុញ្ញាតឲ្យ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ដើម្បីថ្វាយតង្វាយថវិកាចំនួន១០ម៉ឺនដុល្លារ និងអង្ករ៦០០តោន (ជាង៣២ម៉ឺនដុល្លារ) នៅព្រះបរមរាជវាំង។
សូមជំរាបថា កន្លងមកដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារ អភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់ តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរឧកញ៉ា ហុង ពីវ ប្រកាសទិញអង្ករ ៣៨០តោន តបតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចែកជូន ប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ។
ឧកញ៉ា ហុង ពីវ ក្លាយជាអ្នកប្រកាសទិញអង្ករច្រើនជាងគេរហូតដល់ ៣៨០តោន (តម្លៃជាង ២០ម៉ឺនដុល្លារ) តបតាមការ អំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ៕