(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចេញផ្សាយរបាយការណ៍ ស្តីពីអាកាសធាតុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ នៅក្នុងសប្តាហ៍នេះ ដោយបង្ហាញថា កម្ពុជាគឺជាសមាជិកអាស៊ានដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅ អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ក្នុងរបាយការណ៍ ADB បានសង្កត់ធ្ងន់ថា កម្ពុជាដាក់ផែនការពេញលេញនិងច្បាស់លាស់លើ (i) វិធានការសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលគ្របដណ្តប់ដោយគោលដៅទាំងអស់ (ii) វិធានការរំពឹងទុកនៃការកាត់បន្ថយការបំភាយបំភាយខស្ម័នផ្ទះកញ្ចក់ ក្នុងរយៈពេលជាក់លាក់មួយ (iii) វិសាលភាពនៃការអនុវត្តវិធានការ និង (iv) កាលវិភាគសម្រាប់ការត្រួតពិនិត្យជាប្រចាំ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងថាកម្ពុជាទទួលបានជោគជ័យសម្រេចបានសមិទ្ធផលទាំងអស់នេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់កិត្យានុភាពជាតិ ភាពសុខដុមរមនា វិបុលភាព វឌ្ឍនភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃ «សន្តិភាព» និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ នេះជាការបញ្ជាក់បន្ថែម អ្នកនាំពាក្យក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា កម្ពុជាបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងបច្ចុប្បន្នភាពផែនការជាតិស្តីពីការចូលរួមចំណែក ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព៕