(សៀមរាប)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹង និងពង្រីកសេវាអប់រំ លើកកម្ពស់សុខភាព សេវាបង្ការ សេវាថែទាំព្យាបាល និងបង្ការហានិភ័យសុខភាព។
ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ នៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី ៨ របស់មន្ទីរពេទ្យកុមារអង្គរ ស្តីអំពីសុខភាពកុមារ ក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារទូទៅ៥» ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត, លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងលោកសាស្ត្រាចារ្យ ង៉ែត ពិសេស ប្រធានសន្និសីទប្រចាំឆ្នាំលើកទី៨ របស់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើន នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាសៀមរាប។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានបន្តថា សន្និសីទថ្ងៃនេះ គឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើឲ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ដែលជាធនធានចាំបាច់ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាល។
លោកស្រីសាស្ត្រាចារ្យ បន្តថា សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលបានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យបាន និងកំពុងតែធ្វើពេលនេះ។
លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា បានលើកឡើងថា ក្រោមកិច្ចសហការណ៍ជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងផ្តល់ការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃចំពោះកុមារមកពីគ្រួសារក្រីក្រ និងចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋ និងសាលារៀននៅក្នុងសហគមន៍។
លោកសាស្រ្តាចារ្យ បន្តថា «ជារៀងរាល់ថ្ងៃ មានកុមារប្រមាណ ៤០០នាក់ មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ និងចាប់តាំងពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ យើងបានផ្ដល់ការព្យាបាលកាលដល់កុមារកម្ពុជាប្រមាណ ៣លានករណី»។
លោកសាស្រ្តាចារ្យ បានបន្តថា ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងជំងឺកុមារនិងទារក ព្រមទាំងការគ្រប់គ្រងចាំបាច់លើជំងឺទាំងនេះ ក៏ដូចជា៖ ដើម្បីបង្កើនការយល់ដឹង និងជំនាញក្នុងចំណោមគ្រូពេទ្យជំនាញថែទាំសុខភាពកុមារ។ មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្ដើមរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួនជាលើកទី១ ក្នុងឆ្នាំ ២០១៧ ដែលគិតរហូតមកដល់ឆ្នាំ ២០២៤នេះ គឺបានរៀបចំបានចំនួន៨លើកមកហើយ។
លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា បន្ថែមថា សម្រាប់ឆ្នាំ២០២៤នេះ គោលបំណងចម្បងនៃសន្និសីទក្នុងថ្ងៃនេះ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទារក ដែលកើតមុនពេលកំណត់ទាក់ទង និងជំងឺសួតរ៉ាំរ៉ៃ ព្រមទាំងបង្កើនការយល់ដឹងអំពីការបញ្ចេញលាមកដំបូងរបស់ទារក និងជំងឺពោះវៀនពីកំណើត។ ក្នុងនោះ ក៏មានការចែករំលែកបទពិសោធន៍ ទាក់ទងការធ្វើកោសល្យវិច័យ អំពីមរណភាពទារកនៅក្នុងខេត្តព្រះវិហារ។ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺធ្លាក់ឈាមចំពោះកុមារ និងការធ្វើតេស្តរហ័សសម្រាប់ជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា ការរៀបចំសន្និសីទ គឺមានសារៈសំខាន់បំផុតក្នុងការកសាង និងអភិវឌ្ឍន៍ចំណេះដឹងផ្នែកធនធានមនុស្សដ៏ល្អប្រសើរប្រកបដោយគុណភាព និងគុណធម៌ ដើម្បីការអភិវឌ្ឍន៍អង្គភាពស្ថាប័ន និងសង្គមជាតិ ឲ្យមានការរីចំរើនជាលំដាប់។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា សន្និសីទក្នុងថ្ងៃនេះ នឹងបង្ហាញអំពីការចូលរួមចំណែកលើកស្ទួយប្រព័ន្ធសុខាភិបាលតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម ដើម្បីយកទៅអនុវត្ដ និងចែករំលែកបន្ដ ដើម្បីពង្រឹង និងបង្កើនគុណភាពព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានផ្ដល់សេវាសុខាភិបាលនានានៅក្នុងប្រទេសផងដែរ៕