(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តជាមួយសិស្សានុសិស្ស ដែលបានប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលខណ្ឌព្រែព្នៅ បានជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់និទ្ទេស A និងនិទ្ទេស B ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ។
លោក ធឹម សំអាន បានសម្តែងសេចក្តីត្រេកអរជាមួយសិស្សានុសិស្ស ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់និទ្ទេស A និងនិទ្ទេស B ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ លោកបានកោតសរសើរក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលនិទ្ទេស A-B ទាំងនេះ គឺវាផ្តើមចេញពីការខិតខំរបស់ក្មួយៗ និងពីការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូបានល្អផងដែរ។
លោកអភិបាលខណ្ឌ បានបន្តថា «ក្មួយៗទាំងអស់គ្នា គឺជានិមិត្តរូបរបស់ខណ្ឌ សម្រាប់ប្អូនៗជំនាន់ក្រោយ យកធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ឲ្យរៀនពូកែដូចក្មួយៗ ។ មិនត្រឹមតែប៉ុណ្ណោះ ក្មួយៗ គឺជាធនធានមនុស្ស ដែលសង្គមត្រូវការបំផុត ដូចនេះក្មួយៗត្រូវប្រឹងប្រែងរៀនសូត្របន្ត នៅថ្នាក់មហាវិទ្យាល័យ ដើម្បីលើកមុខមាត់ និងកិត្តិយសរបស់គ្រួសារជាបន្តទៀត»។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងផ្ដល់ឱកាស ដល់យុវជនជំនាន់ក្រោយច្រើនណាស់ (ទាំងក្របខណ្ឌរាជការ និងមុខងារនយោបាយ) តែគប្បីមានសមត្ថភាព មានបទពិសោធន៍ មានទំនាក់ទំនងល្អនឹងបុគ្គលដទៃ ធ្វើឲ្យគេមានទំនុកចិត្តនោះ ឱកាសការងារតូចធំនឹងទទួលបាន។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ សិស្សនិទ្ទេស A ចំនួន ៥រូប និងនិទ្ទេសB មានចំនួន២៧រូបនេះ មកពីវិទ្យាល័យសំរោង, វិទ្យាល័យពញ្ញាពន់វិទ្យាល័យឈូកវ៉ា និងវិទ្យាល័យបឹងប្រិយ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏លើកឡើងផងដែរ ដែលទាក់ទងទៅនឹងចំណេះដឹងទូទៅ និងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ ដោយសូមបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅមក ក្នុងការគោរពច្បាប់ចរាចរណ៍ យោគយល់ អធ្យាស្រ័យ គោរពគ្នាក្នុងពេលធ្វើដំណើរ៕