(ភ្នំពេញ)៖ ដើម្បីចូលរួមលើកស្ទួយសិល្បៈខ្មែរក្នុងទម្រង់ល្ខោននិយាយ ក្រុមឥសីវ៉ូលេ ដោយមានការសហការ និងគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា នឹងមានការសម្ដែងល្ខោននិយាយរឿង «កំពង់ធំជំរំចិត្ត» នៅថ្ងៃទី០៣ ខែវិច្ឆិកាស្អែកនេះ វេលាម៉ោង៦៖០០នាទីល្ងាច នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា (ចុះពីស្ពានអាកាសដីហុយប្រហែល១០០ម៉ែត្រ)។
ល្ខោននិយាយរឿង «កំពង់ធំជំរំចិត្ត» គឺជាប្រភេទរឿងមួយ បានឆ្លុះបញ្ចាំងអំពីតថភាពសង្គមនាស័យកាលមួយ ដែលតំណាងឱ្យនារីជាច្រើនដែលត្រូវបានបុរស ព្យាយាមបៀតបៀន គ្រប់រូបភាព មួយវិញទៀត គឺទំនៀម ពីបុរាណមកថា នំមិនធំជាងនាឡិ (ត្រូវតែតាមឪពុក ម្ដាយ) ទាំងអស់នេះ បង្ហាញពីភាពចាក់ស្រេះកាន់តែស្មុគស្មាញ មកលើជីវិតនារីផល។ ខ្សែជីវិតនារីផល បាននិយាយពីទំនៀមទម្លាប់ នំមិនធំជាងនាឡិ ដែលមិនខុសពីសាច់រឿង «ទំទាវ» និងរឿង «ផ្កាស្រពោន» ប៉ុន្មានឡើយ។
ដូច្នេះដើម្បីជ្រាបថាតើទង្វើមិនគម្បីទាំងនោះមកលើនារីផល នឹងធ្វើឲ្យខ្សែជីវិតនាងទៅជាយ៉ាងណា? ហើយបើទង្វើនេះ កើតឡើងមកលើនារីៗនាពេលបច្ចុប្បន្ន តើទស្សនិកជនយល់យ៉ាងណា?
លោកអ្នកអាចចូលទស្សនាតាមរយៈការទិញសំបុត្រ ដែលមានតម្លៃ ២៤,០០០៛ និង ៤៤,០០០៛ ($6/$11) ឬទំនាក់ទំនងព័ត៌មានបន្ថែមតាមលេខទូរស័ព្ទ 087 291 113 / 089 53 39 97 / 085 25 35 45 ៕