(ភ្នំពេញ)៖ លោក ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសថាមានជនខិលខូចយករូបភាព និងឈ្មោះរបស់លោកទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយដើម្បីបោកប្រាស់សាធារណជន ទាក់ទងអូសទាញឱ្យគាំទ្រផលិតផលផ្សេងៗ និងបានអំពាវនាវសូមឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះអំពើឆបោករបស់ជនខិលខូចទាំងនោះ។
នៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកទេសរដ្ឋមន្ត្រី ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនប្រិយមិត្តជិតឆ្ងាយ និងសាធារណជនមេត្តាជ្រាបថា មានជនខិលខូចបាននិងបន្តយកឈ្មោះនិងរូបថតរបស់ខ្ញុំ ទៅបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដូចមានរូបភាពជូនភ្ជាប់ខាងក្រោមនេះ ហើយធ្វើទំនាក់ទំនងតាមបណ្តាញសង្គមនានា មានតេលេក្រាមជាដើម និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណជន ដើម្បីទាក់ទងអូសទាញពាក់ព័ន្ធការគាំទ្រផលិតផលនេះ ឬផលិតផលនោះ និងការវិនិយោគបណ្តាក់ទុនស្វែងរកប្រាក់ចំណេញតាមគ្រប់រូបភាព»។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គណនីទាំងនេះជាគណនីក្លែងក្លាយ ហើយសូមប្រិយមិត្តជិតឆ្ងាយ និងសាធារណជនមេត្តាប្រុងប្រយ័ត្ន និងកុំលង់ក្នុងអំពើឆបោករបស់ជនខិលខូចទាំងនោះ ដែលមានប្រភពទាំងនៅក្នុងប្រទេសនិងពីបរទេស។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើអូសទាញ ឆបោកនានារបស់ជនខិលខូចទាំងនោះឡើយ៕