(បាត់ដំបង)៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានកម្មវិធីសនិ្នសីទអប់រំប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ«សមាហរណកម្មបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ និងការស្រាវជ្រាវក្នុងការបង្រៀន និងរៀនដើម្បីគាំទ្របរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា» ដើម្បីលើកកម្ពស់វប្បធម៌ស្រាវជ្រាវអប់រំនៅកម្ពុជា និងរុញច្រានគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលគ្រូនៅកម្ពុជា។
សនិ្នសីទអប់រំប្រចាំឆ្នាំ២០២៤ បានរៀបចំឡើងនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការរអញ្ជើញចូលរួមពីសំណាក់ អ្នកឯកទេសអប់រំ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ប្រមាណ ៥០ ស្ថាប័ន សរុបអ្នកចូលរួមប្រមាណ ៦០០ នាក់។
លោកបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងប្រធានគណៈកម្មការរៀបចំសន្និសីទអប់រំប្រចាំ២០២៤ បានលើកឡើងថា នេះជាលើកទី២ ដែលវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំកម្មវិធីសន្និសីទអប់រំប្រចំាឆ្នាំរបស់ខ្លួន ដើម្បីលើកម្ពស់វប្បធម៌ស្រាវជ្រាវអប់រំនៅកម្ពុជា និងការកសាងនូវប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវអប់រំ និងនវានុវត្តន៍ពេញលេញមួយនៅកម្ពុជា ដើម្បីរុញច្រានគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលគ្រូនៅកម្ពុជា ដែលមូលដ្ឋានគ្រឹះនែការនៃការភិវឌ្ឍមូលធនមនុស្សប្រកបដោយសក្តានុពល និងឧត្តមភាពរបស់កម្ពុជានាពេលខាងមុខ។
លោក បានបន្តទៀតថា សន្និសីទ្ធអប់រំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង សំខាន់ចំនួន៣៖ (១) ចែករំលែកនូវចំណេះដឹង លទ្ធផលស្រាវជ្រាវ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដែលគាំទ្រដល់ការអប់រំនៅកម្ពុជាតួយ៉ាង បរិវត្តកម្មឌីជីថលនៃការអប់រំ ស្តង់ដាសាលារៀនគំរូ នវានុវត្តន៍គរុកោសល្យ ការសិក្សាស្រាវជ្រាវមេរៀន អភិបាលកិច្ចសាលារៀន និរន្តភាពនៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវប្រតិបត្តិនិងនវានុវត្តន៍ (២) កសាងទំនាក់ទំនង និងសហប្រតិបត្តិការក្នុងចំណោម អ្នកឯកទេសអប់រំ អ្នកស្រាវជ្រាវអប់រំវ័យក្មេង និងអ្នករៀបចំគោលនយោបាយអប់រំដើម្បីបង្កើតភាពប្រទាក់ក្រឡាគ្នានៃការស្រាវជ្រាវ និងការកសាងគោលនយោបាយអភិវឌ្ឍវិស័យអប់រំ និងចុងក្រោយ (៣) ចងក្រង បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវអប់រំ ដើម្បីជាឯកសារសម្រាប់គាំទ្រដល់ដំណើរការអភវិឌ្ឍវិស័យអប់រំនៅកម្ពុជាពិសេសសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទអប់រំប្រចាំឆ្នាំ២០២៤របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបងនិងចូលរួមអបអរសាទរនូវសមិទ្ធភាពស្រាវជ្រាវដែលវិទ្យាស្ថានសម្រេចបានសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។
លោកបណ្ឌិត សាន វឌ្ឍនា បានបន្តទៀតថាស្ថិតក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាបញ្ញាសប្បនិម្មត(AI) ការធ្វើទំនើបកម្ម និងបរិវត្តកម្មក្នុងវិស័យអប់រំជារបៀបវារៈអទិភាពដែលត្រូវគិតគូរជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ។
ជាក់ស្តែងស្ថិតក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន៤៖ (១) ការពង្រឹងអភិបាលកិច្ចសាលារៀន (២)ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស (៣) ការពង្រឹងសុខភាពសិក្សារបស់សិស្ស និង(៤)ការពង្រឹងភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ សំដៅដល់ការពង្រឹងគុណភាពអប់រំចាប់តាំងពីការអប់រំកុមារតូចរហូតដល់កម្រិតឧត្តមសិក្សា ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមពុទ្ធិ សម្បូរដោយមូលធនមនុស្សប្រកបដោយគុណភាព ដែលជាធាតុផ្សំសំខាន់ក្នុងការបង្កើតទម្រង់សេដ្ឋកិច្ចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ពិសេសសម្រេចចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
លោកបានបន្តលើកឡើងថា«កម្មវិធីសន្និសីទអប់រំថ្ងៃនេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងការលើកកម្ពស់ការស្រាវជ្រាវអប់រំ និងការកសាងប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយជវភាពសម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលជាចលករក្នុងការបង្កើតឧត្តមភាព និងភាពប្រកួតប្រជែងមូលធនមនុស្សរបស់ប្រទេសកម្ពុជាក្នុងតំបន់ និងពិភពលោក»៕