(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០២រសៀល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល នឹងដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើក ទី៦៧ របស់អង្គការ សុខភាពពិភពលោក តំបន់ប៉ាស៊ីហ្វិកខាងលិច ពីថ្ងៃទី១០ដល់១៤ ខែតុលាឆ្នាំ២០១៦ នៅ ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដែលមានប្រទេសជាសមាជិក ចំនួនជាង២០ប្រទេសចូលរួម។
សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលបានបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ នេះតែងតែប្រព្រឹត្តិទៅជាទៀងទាត់ ក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា និងអនុវត្តនូវរបៀបវារៈចាំបាច់ មួយចំនួន ដែលក្នុងនោះរួមមាន គោលនយោបាយ កម្មវិធីនិងទិសដៅអនាគតសម្រាប់ កម្មវិធីប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ គ្រុនឈាម សុខភាពបរិស្ថាន និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា លើសពីនេះកិច្ចប្រជុំក៏នឹងស្តាប់ របាយការណ៍វឌ្ឍនៈភាពកម្មវិធី មួយចំនួនដូចជា ការប្រយុទ្ធនឹងជម្ងឺអេដស៍ កម្មវិធីផ្តល់ថ្នាំបង្ការ ការការពារនិង ការស្តារនិតិសម្បទាររួមទាំងការងងឹតភ្នែក សុខភាពទារកកុមារ ឱសថសារវ័ន្ត និងការទប់ស្កាត់នឹងភាពស៊ាំ នៃថ្នាំផ្សះ។ល។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងថ្លែងបទអន្តរាគមន៍នានា ពាក់ព័ន្ធនឹងវឌ្ឍនៈភាពនៃការអនុវត្តកម្ម វិធីផ្សេងៗក្នុងនាមជារដ្ឋសមាជិក ជាពិសេសការអនុវត្តផែនការ យុទ្ធសាស្រ្តលុបបំបាត់ជម្ងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ផែនការ យុទ្ធសាស្រ្តបង្ការ និងទប់ស្កាត់ជម្ងឺគ្រុនឈាម២០១៣-២០២០ ផែនការយុទ្ធសាស្រ្តលុបបំបាត់ជម្ងឺអេដស៍ នៅឆ្នាំ២០២៥ ការធានានិរន្តរភាពកម្មវិធីផ្តល់ថ្នាំបង្ការ ជាពិសេសជម្ងឺមួយចំនួន ដែលកម្ពុជាបានប្រកាសលុប បំបាត់ដូចជាជម្ងឺគ្រុន ស្វិតដៃជើង កញ្រ្ជឹល និងជម្ងឺតេតាណុសទងផ្ចិត រួមទាំងសុខភាពមាតានិងកុមារ។
លើសពីនេះ រដ្ឋមន្រ្តីក៏នឹងស្នើ សុំដល់អង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិចបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាមកក្រសួង សុខាភិបាល ជាពិសេសសម្រាប់ជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តប្រចាំប្រទេសដែលកម្ពុជា និងអង្គការសុខភាព ពិភពលោក បានចុះហត្ថលេខារួចហើយ កាលពីដើមឆ្នាំ២០១៦នេះ៕