(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌកំបូល​ បានចាត់ឲ្យនគរបាលប៉ុស្តិ៍ទាំង៧​ សហការជាមួយរដ្ឋបាលខណ្ឌកំបូល ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ដែលកើតចេញពីបទល្មើសផ្សេងៗ ក្នុងនោះមាន ការជួញដូរ ចែកចាយ និងប្រេីប្រាស់គ្រឿងញៀន​ ក្មេងទំនេីង​ ព្រមទាំងគោលនយោបាយភូមិ​ សង្កាត់​ មានសុវត្ថិភាព​ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា អនុវិទ្យាល័យ​ និងវិទ្យាល័យ​ចំនួន​៧ទីតាំង ទូទាំងខណ្ឌ។

យុទ្ធនាការផ្សព្វផ្សាយខាងលើនោះ បានធ្វើឡើងនៅថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ចំថ្ងៃបើកបវេសនកាលឆ្នាំសិក្សា​ថ្មី ២០២៤-២០២៥​តែម្ដង ដោយមានការចូលរួមពីសំណាក់លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សទាំងពីរភេទសរុបចំនួន​៦,២៩៥នាក់​។ ក្នុងគោលបំណងឲ្យសិស្សានុស្សទាំងអស់ចៀសវាងឲ្យឆ្ងាយពីបទល្មើសទាំងអស់ខាងលើ ហើយខិតខំសិក្សារៀនសូត្រ ធ្វើយ៉ាងណាក្លាយជាកូនល្អ សិស្សល្អ សិស្សពូកែ ជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។

ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កន្លងមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ បានចុះធ្វើការផ្សព្វផ្សាយនូវផលប៉ះពាល់ការជួញដូរ ចែកចាយ និងប្រេីប្រាស់គ្រឿងញៀន​ បញ្ហាក្មេងទំនេីង​ ព្រមទាំងគោលនយោបាយភូមិ​ សង្កាត់​ មានសុវត្ថិភាព​ នៅតាមបណ្ដាភូមិ និងសាលារៀននានាជាប្រចាំ។

ដោយឡែកនៅថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​នេះ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខណ្ឌកំបូល ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ បានចុះផ្សព្វផ្សាយនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៧ទីតាំងដែលស្ថិតនៅក្នុងសង្កាត់ទាំង៧របស់រដ្ឋបាលខណ្ឌកំបូល៕