(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការ ជឹម ឫទ្ធី នៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ បានចេញបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ (ស្រី២នាក់) ព្រមទាំងដកហូតបានថ្នាំ ម៉ាទឹកកកចំនួន ៣៤កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើកម្លាំង អាវុធហត្ថបានចូលដល់ក្នុងនៅផ្ទះលេខ៩ME ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ (ស្រី២នាក់) និងដកហូតវត្ថុតាងមួយចំនួន រួមមានថ្នាំម៉ាទឹកកកចំនួន ៣៤កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង, លុយ១០ដុល្លារ និង៥ម៉ឺនរៀល, ដបជក់គ្រឿងញៀន២, ថង់ច្រកមួយចំនួន និងទូរស័ព្ទដៃ ១គ្រឿង។

មន្រ្តីអាវុធហត្ថបានបន្តថា បច្ចុប្បន្ន កម្លាំងអាវុធហត្ថខណ្ឌកំពុងបញ្ជូនជនសង្ស័យ និងវត្ថុតាងខាងលើ ទៅកាន់បញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ និងកសាសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់៕