(ខេត្តកំពត)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រចជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ប្រធានបទបុណ្យសមុទ្រឆ្នាំនេះ គឺ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។
ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ខាងមុខនោះ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នដែលជាអនុប្រធាននិងសមាជិក ព្រមទាំងលោកឧកញ៉ា ឧកញ៉ា លោក-លោកស្រីតំណាងវិស័យឯកជនជាសមាជិក សរុបចំនួន១៧៨នាក់ នៅសាលាខេត្តកំពត។
លោករដ្ឋមន្ត្រីបានថ្លែងថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពតបានទទួលរៀបចំចំនួន៣ដង គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៩ និងឆ្នាំ២០២៤ នាពេលខាងមុខ។
លោកបន្តថា ការណ៍ដែលជ្រើសរើសប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» សម្រាប់ពិធីបុណ្យសមុទ្រលើកទី១១នេះ គឺស្របទៅនឹងខេត្តកំពតជាគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ តួយ៉ាងការជ្រើសរើសខេត្តកំពតដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការកំណត់ទិសដៅការងារមួយចំនួន ដែលគួរយកចិត្តទុកដាក់អនុវត្តក្នុងការបំពេញការងារឱ្យបានជិតស្និទ្ធជាមួយអន្តរក្រសួង ស្ថាប័ន អន្តរវិស័យ ត្រូវមានលក្ខណៈបុរេសកម្ម សកម្ម និងអន្តរសកម្មរវាងគ្នានិងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ឱ្យមានភាពប្រទាក់ក្រឡា និងស៊ីចង្វាក់គ្នា។
លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជោគជ័យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះ ហើយភាពជោគជ័យ គឺជាស្នាដៃទាំងអស់គ្នា។ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការ៖ «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា!» «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕