(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ដាំផ្ញើដល់និស្សិត ដែលបានបញ្ចប់ការសិក្សាទាំងអស់ ត្រូវយកចំណេះវិជ្ជាទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៤ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាញឱសថសាស្ត្រ សរុបចំនួន៤២៣នាក់ នៅសាកលវិទ្យាល័យ អន្តរជាតិ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្តាំផ្ញើដល់ក្មួយៗ និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពីបញ្ចប់ការសិក្សានេះទៅ ក្មួយៗត្រូវយកចំណេះវិជ្ជា ដែលបានសិក្សារួចមកហើយ ទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់»

ក្នុងន័យនេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សូមឲ្យក្មួយៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជា ដែលមានទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ សង្គមជាតិ និងពិភពលោកផងដែរ។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយក្មួយៗ និងក្រុមគ្រួសារក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមឲ្យក្មួយៗនិស្សិតទាំងអស់ សូមប្រកបដោយ សុខភាពល្អ បញ្ញាឆ្លាតវៃ និងរួចចាកទុក្ខឱ្យបានគ្រប់ៗគ្នា។ សូមប្រសិទ្ធពរ ក្មួយៗ ទាំងអស់ សូមប្រកបដោយជោគជ័យ និងសុភមង្គលក្នុងជីវិត និងក្រុមគ្រួសារ។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ឱ្យមានចំណេះដឹង និងតាមប្រសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមិទ្ធិផលធំបំផុតរបស់ប្រទេសជាតិ គឺធនធានមនុស្ស។

លោកសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ ​បានឲ្យដឹងថា អត្រានិស្សិតសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន៖ និស្សិតកំពុងសិក្សាចំនួន ៥,១៥៦នាក់ ស្រី ៣,០៩៥នាក់ និងនិស្សិតបញ្ចប់ការសិក្សាចំនួន១៣,៤១១នាក់ ស្រី៦,៧៦២នាក់។

និស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ត្រូវបានទីផ្សារការងារទទួលយក ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន សម្រាប់និស្សិត មានការងារមានចំនួន ៧៦ភាគរយ និងនិស្សិត ប្រកបមុខរបរខ្លួនឯងមានចំនួន ២៤ភាគរយ និងនិស្សិតដែលធ្វើការត្រូវជំនាញមានចំនួន៨៦ ភាគរយ និងមិនត្រូវជំនាញ ១៤ភាគរយ។

សាកលវិទ្យាល័យ អន្តជាតិ បានផ្តល់អាហារូបករណ៍ ជូនសម្តេចអគ្គមហាសេនាបតី តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់តាំងពីសាកលវិទ្យាល័យ អន្តជាតិ ដំណើរការបណ្តុះបណ្តាល មកទាំងក្នុងវិស័យសុខាភិបាល ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងក្រៅពីវិស័យសុខាភិបាល សរុបចំនួនមានចំនួន ៤៤៩នាក់ ស្រីចំនួន២១២នាក់៕