(ព្រៃវែង)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម ជាលក្ខណៈខួបរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន១ខ្សែ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានបញ្ជាក់ថា ខ្សែផ្លូវនេះមានប្រវែង ២៣គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ឃុំចំនួន៤ឃុំគឺឃុំរំលេច ឃុំព្នៅ១ ឃុំព្នៅ២ និងឃុំជ្រៃឃ្មុំ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់ (DBST) ផ្លូវលេខ៣៨៥ ត្រង់ចំណុចភូមិព្រៃពោធិ៍ ឃុំរំលេច។

លោកបន្ដថា នៅចុងឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពី លោក ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ឲ្យនាយកដ្ឋានផ្លូវលំជនបទ ធ្វើការជួសជុលក្រាលក្រួសក្រហម នៅទីតាំងដែលមានការខូចខាតខ្លាំងជាងគេប្រវែង៥គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអន្តរាគមន៍បន្ទាន់ឆ្នាំ២០២៣ ហើយលោកបានធ្វើការជួសជុលផ្លូវ ដើម្បីសម្រួលចរាចរជូនដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន បានប្រវែង១៥គីឡូម៉ែត្របន្ថែមទៀត និងដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋស្នើសុំរដ្ឋមន្រ្តី បានផ្តល់ផ្លូវក្រាលគ្រួសក្រហមជាលក្ខណៈខួបនៅឆ្នាំ២០២៤នេះ។

ក្រោយចុះពិនិត្យដោយផ្អែកទៅលើគុណភាពផ្លូវ ចំនួន១ខ្សែខាងលើរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកការអនុវត្តការងារថែទាំផ្លូវទាំងនេះ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

លោកបណ្ឌិត នួន ដាញ៉ិល បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវក្រាលក្រួសក្រហម ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយ ប្រកបដោយសុវត្ថិភាព និងយូរអង្វែង។

លោកបណ្ឌិតបានបន្តថា ក្រោយស្ថាបនារួចរាល់ ផ្លូវទាំង១ខ្សែនេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឲ្យអចលនទ្រព្យ ពួកគាត់ឡើងថ្លៃជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត នួន ដាញ៉ិល បានសំណេះសំណាល និងនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍បទ ជូនចំពោះប្រជាពលរដ្ឋ និងចែកវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋ និងសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមថែទាំ កុំចាក់ដីធ្វើភូមិខ្ពស់ជាងផ្លូវ កុំបង្ហូរទឹកចូលផ្លូវដែលនាំឲ្យទឹកដក់ ឬហូរកាត់ផ្លូវនាំឲ្យផ្លូវច្រោះដាច់ប្រើប្រាស់មិនបានយូរអង្វែង ត្រូវប្រើប្រាស់ផ្លូវទៅតាមបទដ្ឋានបច្ចេកទេស ដែលមន្ត្រីផ្លូវជនបទណែនាំ និងសហការជាមួយរដ្ឋអំណាចភូមិ ឃុំ ស្រុក និងមន្រ្តីបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទដើម្បីទប់ស្កាត់រថយន្តកែឆ្នៃ ដឹកលើសទម្ងន់កំណត់ផងដែរ៕