(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំអូរដំបង១ និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ បានយកអំណោយដែលជាមូលនិធិ សប្បុរសធម៌របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និងគ្រួសារដែល មានសមាជិកស្លាប់ ស្ថិតនៅក្នុង ឃុំអន្លង់វិល ឃុំអូរដំបង១ និងឃុំរកា ចំនួន១០៥គ្រួសារ និងសម្ភារៈ មួយចំនួនផេ្សងទៀតអស់ ថវិកាសរុបចំនួន ៣២,៣៤០,០០០រៀល ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ក៏បានសំណេះសំណាល និងជំរុញដល់បងប្អូនប្រជាពរដ្ឋទាំងបីឃុំ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ឲ្យរួសរាល់ទៅចុះ ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ បានលើកឡើងថា ជានិច្ចជាកាល សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប និង ជំរុញឲ្យក្រុមការងារបន្តចុះចែកមូលនិធិសប្បុរសធម៌របស់សម្តេច ឲ្យបានទាន់ពេលវេលាដល់គ្រួសារ មានសមាជិកសម្រាលកូន និងគ្រួសារដែលមានសមាជិកស្លាប់ ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ។
បន្ទាប់មកលោកឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការ គណបក្សប្រជាជនឃុំរកា ដែលបានសាងសង់រួចរាល់ជាស្ថាពរ ជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង លោកជំទាវ ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕