(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោត (អាយុ១៨ឆ្នាំឡើង) និងបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ នឹងត្រូវទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីរបស់ពួកគេ ដែលមានជម្រើស២ នោះគឺរវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ តាមរយៈ «ប្រព័ន្ធបោះឆ្នោត electoral college» ឬអង្គបោះឆ្នោត ប្រជាជនអាមេរិកមិនមែនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ នោះទេ។
សហរដ្ឋអាមេរិក ប្រើប្រព័ន្ធបោះឆ្នោតមួយដែលគេស្គាល់ជាទូទៅថា «electoral college» ឬ «អង្គបោះឆ្នោត»។ នៅក្រោមប្រព័ន្ធនេះ បេក្ខជនប្រធានាធិបតីអាមេរិកណាដែលទទួលបាន សំឡេងគាំទ្រពីប្រជាជន ឬ Popular Vote ច្រើនជាងដៃគូប្រជែងរបស់ខ្លួន ក៏មិនប្រាកដថានឹងអាចជាប់ឆ្នោតជាប្រធានាធិបតីនោះដែរ។ រឿងបែបនេះបានកើតឡើងចុងក្រោយបំផុត អំឡុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដោយកាលណោះលោក ដូណាល់ ត្រាំ ចាញ់សំឡេងឆ្នោត Popular Vote លោកស្រី ហ៊ីលឡារី គ្លីនតុន ដល់ជិត ៣លានសំឡេង តែលោកនៅតែអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥ ដោយសារតែទទួលបានសំឡេងភាគច្រើនពី «អ្នកបោះឆ្នោត»។ ដើម្បីអាចប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក បេក្ខជនម្នាក់ៗត្រូវបំពេញលក្ខខណ្ឌដូចជា៖ «ជាពលរដ្ឋកើតនៅសហរដ្ឋអាមេរិក, មានអាយុយ៉ាងតិច៣៥ឆ្នាំ និងបានរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ១៤ឆ្នាំ»។
* តើប្រជាជនអាមេរិក ទៅបោះឆ្នោតឱ្យនរណា?
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាជនអាមេរិកនឹងបោះឆ្នោតតាមប្រៃសណីយ៍ ឬធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតដោយផ្ទាល់ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ។ ជាទូទៅ នៅតាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យភាគច្រើន ប្រជាជនគឺជាអ្នកបោះឆ្នោតរើសមេដឹកនាំដោយផ្ទាល់។ ប៉ុន្តែ ប្រព័ន្ធប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិក ថ្វីបើប្រជាជនមានសិទ្ធិគូស ជ្រើសរើសបេក្ខជនប្រធានាធិបតី ដែលខ្លួនគាំទ្រនៅលើសន្លឹកឆ្នោតមែនពិត តែពួកគេមិនមែនជាអ្នកជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះឡើយ។ ពួកគេត្រូវបោះឆ្នោតជ្រើសរើស «អង្គបោះឆ្នោត» ជាមុនសិន ហើយបន្ទាប់មក ទើបអង្គបោះឆ្នោតធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។
* តើនរណាជាអង្គបោះឆ្នោត ហើយមានចំនួនប៉ុន្មានរូប?
អង្គបោះឆ្នោត ឬ Electoral College គឺជាក្រុមបុគ្គលដែលមានភារកិច្ចបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក និងអនុប្រធានាធិបតីដោយផ្ទាល់។ រដ្ឋនីមួយៗទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិក មានសមាជិកក្នុងអង្គបោះឆ្នោត សមាមាត្រគ្នាទៅនឹងចំនួនសមាជិកសភាសហព័ន្ធប្រចាំរដ្ឋរបស់ខ្លួន។ តែមិនមែនមានន័យថាសមាជិកសភា គឺជាអង្គបោះឆ្នោតនោះទេ។ ពោលគឺអង្គបោះឆ្នោត និងសមាជិកសភាជាមនុស្ស២ផ្សេងពីគ្នា។ អង្គបោះឆ្នោតភាគច្រើនជាមន្ត្រីជាប់ឆ្នោតប្រចាំមណ្ឌល ឬក៏ជាថ្នាក់ដឹកនាំគណបក្ស ប៉ុន្តែឈ្មោះរបស់ពួកគេមិនត្រូវបានដាក់នៅលើសន្លឹកឆ្នោតនោះទេ រីឯអត្តសញ្ញាណរបស់ពួកគេភាគច្រើនលើសលុបក៏មិនត្រូវបានឱ្យអ្នកបោះឆ្នោតស្គាល់នោះដែរ។
អង្គបោះឆ្នោតមានចំនួន ៥៣៨រូប ហើយដើម្បីក្លាយជាប្រធានាធិបតីអាមេរិក បេក្ខជនម្នាក់ត្រូវប្រមូលសំឡេងអ្នកបោះឆ្នោតតំណាង ឱ្យបានយ៉ាងតិច ២៧០រូប ឬ ៥០+១។ រដ្ឋនីមួយៗទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក មានចំនួនអង្គបោះឆ្នោត សមាមាត្រគ្នាទៅនឹងចំនួនសមាជិកតំណាងរាស្ត្រប្រចាំរដ្ឋរបស់ខ្លួន ដែលមាននៅឯសភាសហព័ន្ធ។ ជាឧទាហរណ៍៖ សភាអាមេរិកបែងចែកជា២ គឺព្រឹទ្ធសភា មានសមាជិក ១០០រូប និងសភាតំណាងរាស្រ្តមានសមាជិក ៤៣៥រូប ដោយបូកបញ្ចូលគ្នាមាន ៥៣៥រូប។ តែដោយសាររដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ឬគេស្គាល់ «District of Columbia» ដែលមិនមែនជារដ្ឋ ហើយគ្មានសមាជិកតំណាងរាស្ត្រប្រចាំសភាសហព័ន្ធត្រូវបានគេផ្ដល់ឱ្យអង្គបោះឆ្នោត៣រូបនោះ ទើបធ្វើឱ្យចំនួនអង្គបោះឆ្នោតសរុបមាន ៥៣៨រូប។
នៅក្នុងន័យនេះ រដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភា ០២រូបស្មើៗគ្នា បើទោះជារដ្ឋនោះធំ ឬតូច មានប្រជាជនតិច ឬក៏ច្រើនក៏ដោយ។ ប៉ុន្តែចំនួនសមាជិកសភាតំណាងរាស្រ្តវិញ គឺមិនស្មើគ្នាទេ ពោលអាស្រ័យលើចំនួនប្រជាជននៃរដ្ឋមួយៗ។ ជាឧទាហរណ៍៖ រដ្ឋកាលីហ្វ័រញ៉ាមានប្រជាជនច្រើនជាងគេ គឺមានអង្គបោះឆ្នោត ៥៥រូប, រដ្ឋតិចសាស់មាន ៣៨រូប ហើយរដ្ឋផ្ល័ររីដាមាន ២៩រូប និងរដ្ឋញូយ៉កមាន ២៩រូបដែរ។ ចំណែកឯ រដ្ឋដែលមានប្រជាជនតិច តួយ៉ាងដូចជារដ្ឋ ម៉ុនតាណា (Montana), វ៉ាយយ៉ូមីង (Wyoming), សោតស៍ ដាកូតា (South Dakota), ណតស៍ ដាកូតា (North Dakota), អាឡាស្កា (Alaska), ដេឡាវែ (Delaware) និងរដ្ឋ វើម៉ុនត៍ (Vermont) មានអង្គបោះឆ្នោត ៣រូបស្មើៗគ្នា។
* តើប្រព័ន្ធអង្គបោះឆ្នោត ដំណើរការទៅយ៉ាងដូចម្ដេច?
បើតាមខ ២ នៃមាត្រា ២ ក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវទទួលការបោះឆ្នោតជ្រើសតាំង ដោយអង្គបោះឆ្នោត។ រដ្ឋធម្មនុញ្ញអាមេរិកមិនបានបញ្ជាក់ លម្អិតអំពីការជ្រើសរើសអង្គបោះឆ្នោតឡើយ ប៉ុន្តែរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក មានប្រព័ន្ធជ្រើសរើសអង្គបោះឆ្នោតរៀងៗខ្លួន។
អង្គបោះឆ្នោតត្រូវបានបក្សរបស់ខ្លួន តែងតាំងជាបេក្ខភាព យោងទៅលើភាពស្មោះត្រង់ និងស្នាដៃដែលបានបម្រើបក្ស។ មិនតែប៉ុណ្ណោះ អង្គបោះឆ្នោតទាំងនោះទៀតសោត ក៏ត្រូវតែគាំទ្រគំនិត នយោបាយនៃបេក្ខជនប្រធានាធិបតី ដែលតំណាងឱ្យបក្សរបស់ខ្លួនផងដែរ។ ក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក មានរដ្ឋចំនួន ៤៨ បូកទាំងរដ្ឋធានីវ៉ាស៊ីនតោន បានអនុវត្តក្បួនច្បាប់ បោះឆ្នោត «Winner Take All»។ បានន័យថា ប្រសិនបើបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សណានាំមុខគេនៅក្នុងរដ្ឋណាមួយ នោះគណបក្សនោះនឹងទទួលបានសំឡេងអង្គបោះឆ្នោតប្រចាំរដ្ឋ នោះទាំងអស់តែម្ដង។ ប៉ុន្តែប្រការនេះបានលើកលែងតែរដ្ឋចំនួន ០២ នោះគឺរដ្ឋ Maine និងរដ្ឋ Nebraska ដែលអនុវត្តតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ អាស្រ័យលើចំនួនសំឡេងអង្គបោះឆ្នោត ដែលគណបក្សមួយៗទទួលបាន។
នៅក្រោយថ្ងៃបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា រដ្ឋនីមួយៗ មានពេលរហូតដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីដោះស្រាយជម្លោះ ឬបញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញ។ នៅថ្ងៃទី១៧ ខែធ្នូ អង្គបោះឆ្នោតទាំង ៥៣៨រូប នឹងជួបជុំគ្នាតាមរដ្ឋធានីនីមួយៗប្រចាំរដ្ឋរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីដោយផ្ទាល់។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សភាទាំង២របស់សហរដ្ឋអាមេរិក នឹងរាប់សន្លឹកឆ្នោតអង្គបោះឆ្នោត ហើយប្រកាសជាផ្លូវការនូវបេក្ខជនដែលជាប់ឆ្នោតជាប្រធានាធិបតី។ ចំណែកឯ ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
* តើអង្គបោះឆ្នោត ត្រូវតែគោរពតាមការបោះឆ្នោតប្រជាជន ឬ Popular Vote ឬទេ?
ក្រោយត្រូវបានជ្រើសរើសជាបេក្ខភាព អង្គបោះឆ្នោតត្រូវស្បថសច្ចាប្រណិធានស្មោះស័្មគ្រជាមួយគណបក្ស និងបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សរបស់ខ្លួន។ រដ្ឋធម្មនុញ្ញអាមេរិកមិនបានចែងថា អង្គបោះឆ្នោត ត្រូវតែគោរពតាមការបោះឆ្នោតប្រជាជន ឬ Popular Vote នោះទេ។ ប៉ុន្តែទន្ទឹមគ្នាមានរដ្ឋចំនួន ២៤ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកបានចែងច្បាប់ពិសេសថា អង្គបោះឆ្នោតមានភារកិច្ចបោះឆ្នោត ស្របទៅតាមចំនួនមតិភាគច្រើននៃប្រជាពលរដ្ឋ រស់នៅក្នុងរដ្ឋរបស់ខ្លួន។
អង្គបោះឆ្នោតដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឬបោះឆ្នោតគាំទ្របេក្ខជនបក្សដទៃក៏ធ្លាប់កើតឡើងដែរ ហើយអង្គបោះឆ្នោតបែបនេះ គេហៅជាទូទៅថា «អង្គបោះឆ្នោតគ្មានសច្ចៈ ឬ Faithless Electors»។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បេក្ខជនប្រធានាធិបតីដែលបានចាញ់សំឡេងបោះឆ្នោតពីប្រជាជន តែនៅតែអាចជាប់ឆ្នោតជាប្រធានាធិបតី ធ្លាប់កើតឡើងចំនួន ៥ដងមកហើយ ក្នុងនោះថ្មីចុងក្រោយបំផុត គឺអំឡុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ ដោយកាលណោះលោក ដូណាល់ ត្រាំ ចាញ់សំឡេងឆ្នោត Popular Vote លោកស្រី ហ៊ីលឡារី គ្លីនតុន ដល់ទៅជិត ៣លានសំឡេង តែលោកនៅតែអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី ៤៥ ដោយសារតែទទួលបានសំឡេង ភាគច្រើនពីអង្គបោះឆ្នោត។
កាលពីក្នុងឆ្នាំ២០០០ លោក ចច ដាប់ប៊ែលយូ ប៊ូស ក៏ដូចគ្នាដែរ ដោយលោកបានចាញ់ Popular Vote ជាមួយលោក អាល់ ហ្គ័រ (Al Gore) តែនៅបានជាប់ឆ្នោតជាប្រធានាធិបតី។ ប្រធានាធិបតីអាមេរិកចាញ់ Popular Vote ហើយនៅតែអាចជាប់ជាប្រធានាធិបតី មាន៣រូបផ្សេងទៀត គឺលោក ចន អាដាម (John Quincy Adams) (ឆ្នាំ១៨២៤), លោក រ៉ាធើហ្វដ ហាយស៍ (Rutherford B. Hayes) (ឆ្នាំ១៨៧៦) និងលោក ប៊ិនចាមីន ណារីសុន (Benjamin Harrison) (ឆ្នាំ១៨៨៨)។
គួរបញ្ជាក់ថា ការរៀបរាប់ខាងលើ គឺគ្រាន់តែជារ៉ាយរ៉ាប់ពីការប្រព្រឹត្តទៅជាប្រក្រតី នៃដំណើរការបោះឆ្នោតប្រធានាធិបតីតែប៉ុណ្ណោះ។ ពោលគឺនៅក្នុងករណីមានជម្លោះ ឬមិនអាចរកឃើញ អ្នកឈ្នះចាញ់ នោះនីតិវីធីបោះឆ្នោតអាចនឹងមានការប្រែប្រួល ដោយមានអន្តរាគមន៍ពីតុលាការកំពូល ឬសភាទាំង២របស់សហរដ្ឋអាមេរិក ផ្អែកទៅលើស្ថានភាពជាក់ស្ដែង៕