(ព្រៃវែង)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត ខេត្តព្រៃវែង បានដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងលើកស្លាកគណបក្សប្រជាជនកម្ពុជាបន្ថែម នៅឃុំជាខ្លាង និងឃុំគោកគង់កើត។
នៅឃុំគោកគង់កើត លោក ចាន់ វ៉ាន់ធឿន ក៏បានជួបសួរសុខទុក្ខសកម្មជនម្នាក់ដែលមានជំងឺ ព្រមទាំងចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋតាមភូមិទាំង១២ ផងដែរ។ ជាមួយគ្នានេះ លោកបានដឹកនាំក្រុមការងារលើកស្លាកគណបក្សថ្មីចំនួន ២ផ្ទាំង និងត្រៀមលើកស្លាកថ្មីធំ ២ទៀត នៅមូលដ្ឋានឃុំនេះ។ លោក ចាន់ វ៉ាន់ធឿន ក៏បានចុះត្រួតពិនិត្យសាលាមតេយ្យចំនួន២ និងបានចុះពិនិត្យការជួស ជុលផ្លូវលំ១ខ្សែផងដែរ។
ដោយឡែក នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារបានចុះសំណេះសំណាលជាមួយសមាជិកយុវជនតាមភូមិ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមភូមិទាំង០៨ ថែមទាំងបានលើកស្លាកគណបក្សតាមភូមិបានចំនួន៨ (ជួសជុលកែលំអរ) និងត្រៀមលើកថ្មីចំនួន ៧ទៀតផងដែរ ។
សូមជំរាបថា នៅអំឡុងចុះសំណេះសំណាលនៅតាមឃុំទាំងពីរខាងលើ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានឧបត្ថម្ភអ្នកសង្កេតការ និងអ្នកប្រចាំការនៅទីនោះ ផងដែរ៕