(កណ្ដាល)៖ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងលោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ត្រៀមសម្ពោធអគារសិក្សាថ្មី នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។
លោក ភឺន ផល្លា បានបញ្ជាក់ថា អគារសិក្សាថ្មី ដែលត្រូវសម្ពោធនៅថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ មាន១ខ្នង ៣បីជាន់ ១៨បន្ទប់ និងជាសមិទ្ធផលនានា នៃសាលាអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នូល ស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អគារសិក្សានេះ ចាប់ផ្ដើមកសាងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ដោយចំណាយថវិកាសរុបចំនួន ៥៥៨,៩០៨.៥០ដុល្លារ។
អាគារសិក្សា និងសមិទ្ធផលនានានេះ សម្រាប់ពង្រឹងវិស័យអប់រំឲ្យមានការរីកចម្រើន ដោយផ្សាភ្ជាប់ជាមួយយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះវិស័យអប់រំដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា ក្នុងស្រុកអង្គស្នួល និងដើម្បីលើកកម្ពស់គុណភាព វិស័យអប់រំ ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ «បញ្ចកោណ»។
ជាមួយគ្នានេះ លោក ភឺន ផល្លា បានថ្លែងអំណរអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល និងស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមចំណែកជាមួយថ្នាក់ដឹកនាំ ដោយកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដើម្បីឲ្យគម្រោងសាងសង់ដ៏មានសារៈសំខាន់ដំណើរការបានទៅដោយរលូន៕