(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូ ក្រុមកីឡាករបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars-CFSS) ដឹកនាំដោយ លោក ឃួង ស្រេង ប្រធានចាត់ការទូទៅកិត្តិយស និងជាជំនួយការគ្រូបង្វឹកកិត្តិយស CFSS។

ជាកិច្ចចាប់ផ្តើម លោក ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ដល់គណៈប្រតិភូក្រុមបាល់ទាត់ CFSS ដែលនេះជាជំនួបលើកដំបូងរវាងក្រុមទាំងពីរ ក្នុងការជួបពិភាក្សាលើការងារចាំបាច់មួយចំនួនដើម្បីត្រៀមលក្ខណៈរៀងខ្លួន ឆ្ពោះទៅកាន់ការប្រកួតនាពេលខាងមុខ។

លោកក៏បានលើកឡើងផងដែរថា ក្រុមកីឡាករទាំងសងខាងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានពេញលេញ ដើម្បីធ្វើយ៉ាងណាឲ្យការប្រកួត មានភាពភាពស្វិតស្វាញ ស្វាហាប់ ក្នុងស្មារតីកីឡា និងមិត្តភាព ដែលនឹងធ្វើឲ្យអ្នកគាំទ្រទទួលបាននូវបរិយាកាសសប្បាយរីករាយនៃការជួបជុំផង និងទទួលបានភាពជក់ចិត្តក្នុងការប្រកួតផងដែរ។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានរៀបរាប់អំពី​បុព្វហេតុ និង​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន គ្រូបង្វឹកកិត្តិយសក្រុម CFSS ក្នុងការរៀបចំការប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យមួយ ដើម្បីចូលរួមអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា លើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកក៏បានរាយការណ៍ជូនអង្គប្រជុំផងដែរ ថាការប្រកួតខាងមុខនេះនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងការទស្សនាការប្រកួតនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់រវាង ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕