(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ពេលថ្មីៗនេះ មានការឆបោកក្រោមរូបភាពបន្លំខ្លួនជា មន្ត្រី នៃអគ្គីសនីកម្ពុជា (EDC) ហើយទាក់ទងមកជនរងគ្រោះ និងណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ បន្ទាប់មកណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចំងាយ រួចបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធី EDC នៅក្នុង Notification របស់កម្មវិធីធនាគារ។ ជាចុងក្រោយគេនឹងលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ដូចខាងក្រោម៖

* ផ្ទៀងផ្ទាត់៖ ប្រសិនបើអ្នកទទួលបានសារ ឬការហៅទូរស័ព្ទដែលមិនព្រាងទុក សូមបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលតាមរយៈប្រភពពិតប្រាកដជាមុនសិន។

* កុំប្រញាប់៖ ជនឆបោកប្រើប្រាស់ ភាពបន្ទាន់ដើម្បីដាក់សម្ពាធអ្នកធ្វើសកម្មភាពលឿន។ ចំណាយពេលរបស់អ្នកហើយគិតឱ្យបានច្បាស់លាស់!

* កុំចែករំលែកព័ត៌មានសម្ងាត់៖ អង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារ តាមរយៈសារ ឬការហៅទូរស័ព្ទឡើយ៕