(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Henan Investment Group ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសរវាងខេត្តហឺណាន ជាពិសេសទីក្រុងចឹងចូវ មកកាន់ប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យនៃវេទិការសេដ្ឋកិច្ចអាកាសចរណ៍ចិន ពីខេត្តហឺណានទៅតំបន់អាស៊ាន តាមរយៈកម្ពុជាដែលមានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាស្ពានដឹកជញ្ជូនតាមផ្លូវអាកាស ពីទីផ្សារទេសចរណ៍អាស៊ានទៅកាន់ខេត្តហឺណាន និងពីខេត្តហឺណានទៅកាន់តំបន់អាស៊ាន។
លោករដ្ឋមន្ត្រីបានលើកឡើងពីការពង្រឹងទំនាក់ទំនងវិស័យអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ជាពិសេសរវាងកម្ពុជានិងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ការស្វែងរកកិច្ចគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីរដ្ឋបាលខេត្តហឺណាន ព្រមទាំងក្រុមហ៊ុនម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីសម្រេចនូវផែនការអភិវឌ្ឍន៍ក្រុមហ៊ុនអាកាសចរណ៍ជាតិ ប្រកបដោយគុណភាព និងនិរន្តរភាព។
បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា ដើម្បីជំរុញទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជាជាមួយខេត្តហឺណាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចូលរួមអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Henan Investment Group និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ តាមរយៈចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នានាពេលនេះ។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ មិនត្រឹមតែផ្តោតទៅកិច្ចសហប្រតិបត្តិការធុរកិច្ចនោះទេ តែបានដើរតួជាយុទ្ធសាស្ត្រមួយ ក្នុងការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងទំនាក់ទំនងវិស័យនយោបាយការទូតរវាងប្រទេសទាំងពីរផងដែរ៕