(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អ្នកមានធនធានដូចជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ឧបនាយករដ្ឋមន្រ្តី ឱ្យជួយឧបត្ថម្ភដល់ក្លឹបកីឡាបាល់ទាត់ និងក្លឹបកីឡាផ្សេងទៀត នៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ និងធនធានកីឡារបស់កម្ពុជា។

ការអំពាវនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញសំណេះសំណាល និងពិសារភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមស្នើអញ្ចេះ ឧទាហរណ៍ថា ក្រុមហ៊ុនមួួយជួយ១ក្លឹប ឬឧកញ៉ាម្នាក់ជួយមួយក្លឹប ឬឧបនាយករដ្ឋមន្រ្តីម្នាក់ជួយមួយក្លឹប ខ្ញុំគិតថា ធ្វើទៅរួច យើងអាចធ្វើកិច្ចការងារនេះបានដើម្បីធានាថា កីឡារបស់យើង»។ សម្តេចបានបន្តថា៖ «ក្មួយៗយុវជនរបស់យើងកុំបោះបង់ចោលការសិក្សា អីចឹងវិធីតែមួយគត់គឺយើងពង្រឹងក្លឹបដែលមាន ហើយប្រាក់បានជាង១ពាន់លាននេះ ជាប្រាក់ដែលកូនខ្មែរ នឹងជួយយកទៅពង្រឹងតាមក្លឹប ប៉ុន្តែគ្មាននិរន្តរភាពទេ នេះគ្រាន់តែជាការទាត់បាល់ដើម្បីទទួលបានប្រាក់ចំណូល ហើយប្រាក់យកទៅឧបត្ថម្ភម្តងម្កាល ប៉ុន្តែបើមានក្រុមហ៊ុនណាមួយ ដូចជាក្រុមហ៊ុនជីបម៉ុងជាដើម ទៅជួយដល់ក្លឹបណាមួយនៅឯខេត្តបាត់ដំបង ឬខេត្តណាមួយតាមដែលចិត្តចង់ គឺវាធានានិរន្តរភាព»។

សម្តេចបានឧទាហរណ៍ចំឈ្មោះនូវក្រុមហ៊ុនឯកជនទាំងនោះ មានដូចជា ក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុន ប៉េង ហួតជាដើម ហើយសម្តេចបានបញ្ជាក់ទៀតថា បើសិនជាមានឧបនាយករដ្ឋមន្រ្តី ជួយឧបត្ថម្ភមួយក្លឹបនោះនឹងកាន់តែល្អប្រសើរថែមទៀត។ ទោះជាយ៉ាងនេះក្តី សម្រាប់សម្តេចផ្ទាល់ សម្តេចនឹងមិនឈរឧបត្ថម្ភសម្រាប់ក្លឹបណាមួយនោះទេ សម្តេចសុខចិត្តនៅឈរពីក្រោយវិញ។

សម្តេចសង្ឃឹមថា តាមរយៈវិធីសាស្ត្របែបនេះ កម្ពុជានឹងអាចធ្វើបាន ហើយក្នុងមួយខែៗ ការឧបត្ថម្ភបែបនេះ ក៏មិនមែនជាចំណាយដែលធំនោះដែរ៕