(ភ្នំពេញ)៖ សាលាអន្តរជាតិអនិកជនកម្ពុជា-ចិន និងមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា បានប្រារព្ធពិធីសម្ភោធទីតាំងថ្មីរបស់ខ្លួន ដែលមានទីតាំងនៅ អាគារលេខ360 ផ្លូវលេខ3032 ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខផ្សារគ្លូប៊លសែនសុខ) នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តំណាងវិទ្យាស្ថាន គ្រឹះស្ថានឧត្តមសិក្សាជាតិ អន្តរជាតិ នាយក នាយិកាវិទ្យាល័យ សាលាអន្តរជាតិ មជ្ឈមណ្ឌល និងបណ្តាញសារព័ត៌មាននានាប្រមាណ១៥០នាក់។
នៅក្នុងឱកាសនោះ លោក កាវ ជាន ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិអនិកជនកម្ពុជាចិន បានមាន ប្រសាសន៍ថា៖ សាលាអន្តរជាតិអនិកជនកម្ពុជាចិន គឺជាសាលាដំបូងបំផុតនៅកម្ពុជា ដែលបានបណ្តុះបណ្តាលសិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ដែលអនុលោមតាមបទដ្ឋានអប់រំរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយនៅឆ្នាំ២០២៤នេះ មានសិស្សបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតចិន បានដោយជោគជ័យ។
លោកបន្តទៀតថា សាលាអន្តរជាតិអនិកជនកម្ពុជាចិន គឺជាសាលាដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន ហើយក៏ជាសាលាដែលបានប្រើប្រាស់កម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC ដំបូងគេនៅកម្ពុជាផងដែរ។
លោក ហៀង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា៖ «សមិទ្ធិផលដែលសាលាអន្តរជាតិអនិកជនកម្ពុជាចិន សម្រេចបាននូវថ្ងៃនេះ គឺជាកាខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាពិសេស គឺទំនាក់ទំនងល្អ និងជិតស្និតជាមួយមន្ទីរអប់រំ និងកីឡា រាជធានីភ្នំពេញនាពេលកន្លងមក។ វត្តមានសាលារៀននៅកម្ពុជានាពេលនេះ គឺបានផ្តល់ឱកាសសម្រាប់សិស្សានុសិស្សជាតិ និងអន្តរជាតិ អាចសិក្សាជាមួយគ្រូបង្រៀនជនជាតិដើម ប្រកបដោយវិជ្ជាជីវៈគរុកោសល្យច្បាស់លាស់ ជាពិសេសគឺការជំរុញការបណ្តុះបណ្តាលភាសាចិននៅកម្ពុជាផងដែរ»។
លោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា អាស៊ាន ចិន ស្ថាបនិកមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា និងជាស្ថាបនិកសាលាអន្តរជាតិអនិកជនកម្ពុជាចិន បានមានប្រសាសន៍ថា៖ «ក្រៅពីសាលាអន្តរជាតិអនិកជនកម្ពុជាចិន លោកបានបង្កើតមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា ក្នុងគោលបំណងជួយសម្របសម្រួលរៀបចំកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC ជូនដល់សាលារៀននានានៅកម្ពុជា រៀបចំឲ្យមានកម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ កម្មវិធីពិព័រណ៍អប់រំអន្តរជាតិប្រចាំឆ្នាំ និងប្រឹក្សាយោបល់ជូនសិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិន»។
ទន្ទឹមនឹងនោះ លោកបានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារដែលមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណាសម្រេចបានរយៈពេល៥ខែកន្លងមកផងដែរ៕