Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ ជីវ ស៊ុនហេង ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ, សម្រេចបាន ៤៣%

01-11-2024 20:26

(ភ្នំពេញ)៖ លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិទទួលបន្ទុកការអនុវត្តគម្រោងក្រោម ក្របខ័ណ្ឌហិរញ្ញប្បទានពីគ្រប់ដៃគូអភិវឌ្ឍន៍ និងពីថវិកាជាតិ ចុះពិនិត្យ វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទាន ពីប្រទេសចិន ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សូមជម្រាបថា គម្រោង អភិវឌ្ឍន៍ អាងទឹកដងកាំបិត មាន ការងារសំខាន់ៗដូចជា ៖ ទី១) សាងសង់ទំនប់ សរុបប្រវែង ២៦៨០ម៉ែត្រ និង ទី២) សាងសង់ ផ្លូវចូលទីតាំង ទំនប់សរុប ប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ។ គម្រោងនេះ ប្រើរយៈ ពេលសាងសង់ប្រមាណ ៤៨ ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ ២០២៧ បើគិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤៣% ។

លោករដ្ឋលេខាធិការបាន បញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍអាងទឹក ដងកាំបិត ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ គឺក្នុងគោលបំណង ដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និង ធានាការផ្គត់ផ្គង់ទឹកសម្រាប់ ស្រោចស្រពលើផ្ទៃដីកសិកម្ម នៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។ គម្រោងនេះ ក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ហើយជាផ្នែក មួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទ នៃការប្រែប្រួល អាកាសធាតុ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានស្នើដល់ក្រុមការងារសាងសង់ សូមបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព ទៅតាមបទដ្ឋាន បច្ចេកទេស ព្រមទាំងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក និង បាន សំណូមពរទៅ ដល់អ្នកពាក់ព័ន្ធ បន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេច បានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា បន្ទាប់ពី ការសាងសង់រួច គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត អាចមានសក្តានុពល ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល នៅផ្នែកខាងក្រោមបានប្រមាណជាង ១៣ម៉ឺន ហិកតា និង បង្កើនទិន្នផលស្រូវ ពី ៤តោន ទៅ ៥,៤តោន ក្នុងមួយហិកតា ហើយមានកសិករទទួលផលប្រមាណ ជាង ២ម៉ឺន គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និង ស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕