(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់យោបល់ និងណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ត្រូវតែពិនិត្យ និងមិនត្រូវចាប់ផ្គូផ្គងកីឡាករឱ្យឡើងប្រកួតនៅក្នុង១សប្តាហ៍ម្តងនោះទេ ការធ្វើបែបនេះនឹងនាំឱ្យកីឡាករមានរបួសមិនទាន់ជាជាសះស្បើយផងត្រូវប្រកួតម្តងទៀត ចំណុចនេះនឹងធ្វើឱ្យកីឡាករ កីឡាការិនីកម្ពុជា ប៉ះពាល់សុខភាព។

ការផ្តល់យោបល់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ ប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ។ កីឡាគុនខ្មែរ នឹងរីកលូតលាស់ជាងនេះ បើមានការគាំទ្រដិតដល់។ អ្នកកីឡារបស់កម្ពុជា បានឆ្លងកាត់ និងឆាប់ផ្តើមពង្រឹងខ្លួនពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម រហូតមកដល់ពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្តែ យើងក៏ត្រូវទទួលស្គាល់ថា អ្នកកីឡារបស់យើងហត់នឿយពេកហើយនៃការប្រកួតប្រចាំសប្តាហ៍ គឺក្នុង១ថ្ងៃ ឬជួនកាល ១អាទិត្យឡើងប្រកួតម្តង គឺមិនអាចទៅរួចទេ ធ្វើបែបនេះខូចកីឡាអស់ហើយ ការផ្គូផ្គងកីឡា សូមឱ្យថ្នាក់ដឹកនាំកីឡាគុនខ្មែរ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការផ្គូផ្គងកីឡាឱ្យប្រកួត»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសិនការប្រកួតញឹកញាប់ពេក គឺកីឡាករឈឺខ្លួន ១សប្តាហ៍ក្រោយមុន ហើយ១សប្តាហ៍ឡើងវ៉ៃទៀត នោះកីឡាករមិនអាចទៅរួចនោះទេ ការធ្វើបែបនេះបណ្តាលឱ្យបាក់កីឡាករអស់។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចំពោះស្ថានភាពផ្គូផ្គងកីឡាករឱ្យប្រកួតញឹកញាប់ពេក មិនគួរឱ្យកើតមាននៅក្នុងការគ្រប់គ្រងកីឡា ដូច្នេះ នៅពេលខាងមុខត្រូវតែយកចិត្តទុកដាក់លើការផ្គូផ្គងកីឡាករប្រកួត និងមិនអាចចេះតែធ្វើទៅតាមចំណង់ចំណូលចិត្ត ក៏ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ថា បច្ចុប្បន្ននេះ កម្ពុជាក៏ខ្វះខាតកីឡាករប្រកួតផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន, ការខ្វះខាតកីឡាករប្រកួត គឺអាចបណ្តាលមកពីការខ្វះខាតលើការបណ្តុះបណ្តាលកីឡាករ ព្រមទាំងធនធានកីឡា។ «ដូច្នេះ ខ្ញុំចង់យកគំនិតផ្តួចផ្តើម ដើម្បីជំរុញកីឡាប្រដាល់គុនខ្មែរនេះបន្ថែម តាមរយៈមេរៀនពិសោធន៍ កំពុងកើតមាននៅទីក្រុងភ្នំពេញ ដែលមានអ្នកគាំទ្រជាក្លិបប្រដាល់ សម្រាប់ការពង្រីកនៃការគាំទ្រផ្នែកកីឡានេះ ទៅដល់បណ្តាលខេត្តនៅទូទាំងប្រទេស»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កន្លងទៅសម្តេចបានឱ្យលោក ស៊ីថូ ណាថាន់ ចុះស្រាវជ្រាវពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង។ ខេត្តនោះ មានក្រុមកីឡាករច្រើន មានក្លឹបច្រើន ហើយក៏មានការប្រកួតច្រើនណាស់ តែតម្លៃខ្លួនតិចតួចណាស់។ សម្តេចតេជោ ក៏បានឧបត្ថម្ភមួយខែ ៣០លានរៀល ដើម្បីឧបត្ថម្ភបន្ថែមដល់កីឡាករតែម្តង៕