(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បាននាំយកសម្ភារសិក្សា ដែលជាអំណោយរបស់ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ទៅចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅ តាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈក្នុងបណ្តាឃុំនានានៃស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា អំណោយសម្ភារសិក្សាទាំងនេះត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង នាំយកទៅប្រគល់ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាចំណេះ ទូទៅសាធារណៈក្នុងភូមិសាស្ត្រឃុំនីមួយៗ ក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេ

ក្នុងឱកាសនោះ តាមរយៈក្រុមការងារ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ដល់មន្ត្រីអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំង អស់។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យបន្តខិតខំបង្រៀន និងរៀនតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សដែលគ្រប់អាយុចូលរៀនត្រូវនាំកូនទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការ លើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាពនៅឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះទាំងអស់គ្នា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាម រយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្ត ល់សេវាសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជា ជន និងសហគមន៍។ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវចាប់ផ្តើមដំណើរការនៅទូទាំងប្រទេសថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជា ថ្ងៃបើក បវេសនកាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូចចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងមហាវិស្សមកាលចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕