(ភ្នំពេញ)៖ ដើម្បីការពារអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាបឱ្យមាននិរន្តរភាព និងកំណើនឡើងវិញ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានប្តេជ្ញាបន្តទប់ស្កាត់ និងបង្ក្រាបចំពោះការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងដកហូតប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់។
បន្ទាប់ពីទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី សមាសភាពគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាបមួយ ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តនូវអនុសាសនរបស់រាជរដ្ឋាភិបាលលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចុះស្វែងយល់ពីស្ថានភាពទីតាំងជាក់ស្តែង ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់និងជំរុញប្រសិទ្ធភាពការអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអាជ្ញាធរទន្លេសាបឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦០៩/៧០៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ និងក្នុងរាជរដ្ឋាភិបាលអាណិត្តទី៧នេះ សមាសភាពអាជ្ញាធរទន្លេសាបត្រូវបានកែសម្រួល តាមរយៈសេចត្តីសម្រេចលេខ ២៤៣ សសរ ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣។
អាជ្ញាធរទន្លេសាបជាអង្គភាពថ្នាក់ជាតិមួយ ជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងដើរតួនាទីជាអង្គភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។
បន្ថែមពីនេះ អាជ្ញាធរទន្លេសាប ក៏បានសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធក្នុងការរៀបចំផែនទីតំបន់៣ បោះបង្គោលព្រំតំបន់ ៣ នៃព្រៃលិចទឹក និងដែនព្រៃលិចទឹក ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋ នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មកដល់បច្ចុប្បន្ននេះ ការងារសម្រេចបាន ១០០ភាគរយ ដោយស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប នៃប្រទេសកម្ពុជាយើង៕