(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ជំនួបកំពូលរវាងអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញានៃប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្រោមប្រធានបទស្តីពី «ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ»។
ក្នុងវេទិការសន្និសីទនេះ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការប្រឈមមុខនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលកាន់តែស្មុគស្មាញ និងមានចរិតលក្ខណៈជាឧក្រិដ្ឋកម្មឆ្លងដែន តួយ៉ាងដូចជា៖ បទល្មើសសំអាតប្រាក់ ការឆបោក និងហិរញ្ញប្បទានភេរវកម្ម ជាដើម។
លោកស្រី ជា លាង បានសង្កត់ធ្ងន់អំពីតួនាទីយ៉ាងសំខាន់របស់ព្រះរាជអាជ្ញា ក្នុងនាមជាអ្នកការពារយុត្តិធម៌ ដោយលើកឡើងថា «ក្នុងស្ថានភាពនៃឧក្រិដ្ឋកម្មដែលកាន់តែមានភាពស្មុគស្មាញ ចាក់ស្រេះ និងលំបាកនេះ ព្រះរាជអាជ្ញាគឺជាតួអង្គដែលមិនអាចខ្វះបាន និងមានភារកិច្ចសំខាន់ក្នុងការធានាការផ្តល់យុត្តិធម៌ និងធានានីតិរដ្ឋ»។ ព្រះរាជអាជ្ញា គឺជាអ្នកដែលឈរនៅជួរមុខដើម្បីបង្ហាញចេញនូវកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឆ្ពោះទៅការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម និងការផ្តន្ទាទោសលើក្រុមឧក្រិដ្ឋជន។
លទ្ធផលសំខាន់ដែលកើតចេញពីសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤នេះ គឺជាការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសសមាជិកអាស៊ាន និងប្រទេសចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
សេចក្តីថ្លែងការណ៍រួមជាយុទ្ធសាស្រ្ត គឺបានគូសបញ្ជាក់នូវចំណុចអាទិភាពមួយចំនួន ដូចខាងក្រោម៖
១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន៖ អគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញានៃប្រទេសសមាជិកអាស៊ានទាំង១០ និង អគ្គរដ្ឋអាជ្ញាចិនបានបញ្ជាក់អំពីភាពចាំបាច់នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមតួអង្គព្រះរាជអាជ្ញា ដើម្បីធានាឱ្យមានការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេត និងការសហការក្នុងការប្រមូលភស្តុតាង ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពក្នុងគោលបំណងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។
២៖ ការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ៖ អគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញានៃបណ្តាប្រទេសអាស៊ានទាំង១០ និងអគ្គរដ្ឋអាជ្ញាចិនបានឯកភាពក្នុងការពិនិត្យលទ្ធភាពធ្វើការសិក្សា ឬ កែសម្រួល ឬធ្វើបច្ចុប្បន្នភាពលើក្របខ័ណ្ឌច្បាប់ជាតិរបស់ខ្លួន ក្នុងករណីដែលមានភាពចាំបាច់ ដើម្បីធានាបានថាក្របខណ្ឌច្បាប់ជាតិអាចមានសមត្ថភាព និងប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតដែលកំពុងមានការវិវត្តន៍។
៣៖ ការលើកកម្ពស់ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍វិជ្ជាជីវៈ៖ អគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញានៃប្រទេសអាស៊ានទាំង១០ និងអគ្គរដ្ឋអាជ្ញាចិន បានឯកភាពគ្នា និងសន្យាថានឹងបន្តវិនិយោគលើការ ពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលជាបន្តបន្ទាប់ ជាពិសេសគឺការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ព្រះរាជអាជ្ញា អ្នកស៊ើបអង្កេត និងអ្នកអនុវត្តច្បាប់ ដោយផ្តោតលើការពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុដ៏ស្មុគស្មាញ។
៤៖ ការសម្របសម្រួលការចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព៖ សន្និសីទបានសង្កត់ធ្ងន់លើសារៈសំខាន់ និងភាពចាំបាច់ក្នុងការរៀបចំនូវយន្តការដ៏រឹងមាំមួយ ក្នុងគោលដៅសម្រាប់ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ឱ្យបានទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។
៥៖ ការគាំទ្រដល់ការចូលរួមសហការស៊ើបអង្កេតរួមគ្នា និងក្រុមការងាររួមគ្នា៖ សន្និសីទបានលើកទឹកចិត្តដល់ការបង្កើតក្រុមស៊ើបអង្កេតរួមគ្នា ឬក្រុមការងារចម្រុះរួមគ្នា ដើម្បីស៊ើបអង្កេតប្រតិបត្តិការឧក្រិដ្ឋកម្មហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដូចជាការក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ ការសំអាតប្រាក់ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
សេចក្តីថ្លែងការណ៍រួមក៏បានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្នុងការបង្កើនភាពជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជាកោសល្យវិច្ឆ័យឌីជីថល និងបញ្ញាសិប្បនិមិត្ត ត្រូវបានគេទទួលស្គាល់ថាជាឧបករណ៍សំខាន់ក្នុងការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ និងរួមចំណែកក្នុងការពង្រឹងសមត្ថភាពព្រះរាជអាជ្ញា។
ក្នុងសន្និសីទនេះ អគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញានៃប្រទេសទាំងអស់បានបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការធានាយុត្តិធម៌ និងនីតិរដ្ឋនៅក្នុងតំបន់។ ខណៈដែលបណ្តាញឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅតែបន្តវិវឌ្ឍន៍និងរីកដុះដាល កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ស្របគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការបន្តអភិវឌ្ឍសមត្ថភាពរបស់ព្រះរាជអាជ្ញា គឺនៅតែជាចំណុចអាទិភាពចាំបាច់បំផុត និងជាចំណុចស្នូលដែលត្រូវបន្តយកចិត្តទុកដាក់ជាដាច់ខាត ។
អគ្គព្រះរាជអាជ្ញាកម្ពុជាបានរំលឹក និងគូសបញ្ជាក់ចុងក្រោយថា ព្រះរាជាណាចក្រកម្ពុជា និងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងផ្តល់កិច្ចសហការជាមួយប្រទេសចិន និងសមភាគីអាស៊ានទាំងអស់ក្នុងគោលបំណងពង្រឹងសមត្ថភាពព្រះរាជអាជ្ញា និងកសាងបណ្តាញដែលចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ តាមរយៈសន្និសីទនេះ ប្រមុខកំពូលនៃស្ថាប័នអយ្យការ ពោលអគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញា បានប្តេជ្ញាក្នុងការពារប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ឱ្យមានភាពធន់ ទំនុកចិត្តខ្ពស់ និងសុចរិតភាព ក្នុងគោលបំណងធានា និងការពារសន្តិសុខ និងវិបុលភាពនៃប្រជាជាតិក្នុងតំបន់៕