(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ និងបានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រកុំភ្លេចខ្លួន ប្រឹងប្រែងក្រេបយកចំណេះវិជ្ជា គឺត្រូវស្ដាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូដែលខិតខំអប់រំបង្ហាត់បង្ហាញ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា យុវវ័យ គឺជាវ័យស្វែងរកចំណេះវិជ្ជា ដូចនេះក្មួយៗ មិនត្រូវ គេចសាលា ឬទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗនោះឡើយ ដូចជាការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង ភ្លេចការរៀនសូត្រ។ ការសេពគ្រឿងញៀន ការចូលរួមក្នុងក្រុមបងតូចបងធំ គឺគ្មានទទួលបានផលប្រយោជន៍អ្វីឡើយ គឺមានតែ ធ្វើឱ្យខាតបង់ពេលវេលា ប្រាក់កាស សុខភាព និងកិត្តិយស ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិថែមទៀតផង។
លោក សុខ សម្បត្តិ បានលើកឡើងថា មានមុំ៣ ដែលធ្វើឱ្យការសិក្សាទទួលបានជោគជ័យ ទី១ គឺខ្លួនឯង ទី២ គឺគ្រូ និងទី៣ គឺអាណាព្យាបាល។ ដូចនេះសំណូមពរដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមទាំងអស់គ្នារឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទាំងអស់ខំប្រឹងរៀនសូត្រ មានចំណេះដឹង ពិតប្រាកដក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត។
ដោយឡែកសម្រាប់មាតា បិតា អាណាព្យាបាលសិស្ស ក៏ត្រូវរួមចំណែកក្នុងការតាមដានកូនចៅរបស់ខ្លួនឱ្យបានជាប់លាប់ ដើម្បីតម្រង់ទិសឱ្យពួកគេដើរលើផ្លូវត្រូវ ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បាននាំយកថវិកា របស់សាលាខណ្ឌ ចំនួន១លានរៀន ឧបត្ថម្ភដល់វិទ្យាល័យទួលស្វាយព្រៃផងដែរ។
សូមជម្រាបជូនថា នៅកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤–២០២៥នេះ គណៈអភិបាលខណ្ឌ និងក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានចាត់តំណាង ទៅចូលរួមតាមគ្រឹស្ថានសិក្សាសាធារណៈ របស់រដ្ឋទាំង១១ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដើម្បីជាការផ្សារភ្ជាប់រវាង អាជ្ញាធរ និងសាលារៀន ក៏ដូចជាការលើកទឹកចិត្ត និងស្វែងយល់ពីសុខទុក្ខរបស់ក្មួយៗសិស្សានុសិស្សនៅតាមសាលានីមួយៗផងដែរ៕
ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ការខិតខំរៀនសូត្រនឹងនាំជីវិតឱ្យចាកឆ្ងាយពីភាពក្រីក្រ មកនូវការគោរពសិទ្ធិមនុស្ស, ពីព្រោះភាពសម្បូរបែបនៃធនធានមនុស្សនឹងជួយធ្វើឱ្យសង្គមសេដ្ឋកិច្ចជាតិរីកលូតលាស់លើគ្រប់វិស័យ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា លើកឡើងថា បានមានតែចំណេះដឹងទេដែលជួយជីវិតឱ្យរួចចាកផុតពីភាពក្រីក្រហើយចំណេះដឹងក៏នឹងនាំឱ្យយើងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ពោលគឺធ្វើឱ្យយើងចេះលើកតម្លៃនៃសិទ្ធិមនុស្សនៅក្នុងសង្គម ដែលនឹងនាំមកនូវភាពសុខដុមរមនានៃការរស់នៅ។
ការលើកឡើងបែបនេះរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ -២០២៥ នៅសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកទឹកចិត្តដល់សិក្សានុសិស្ស នៅក្នុងថ្ងៃចាប់ផ្ដើមជីវិតថ្មីនៃការសិក្សា ត្រូវខិតខំប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រឱ្យមានចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើឱ្យខ្លួនក្លាយជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អរបស់សង្គម។ ហើយថ្ងៃបើកបវេសនកាលនេះ ជាថ្ងៃចាប់ផ្ដើមចូលរៀនដំបូងរបស់កុមារាកុមារី ដែលដល់អាយុសិក្សាចាប់ពី ៦ឆ្នាំឡើងទៅ ហើយក៏ជាថ្ងៃដែលបានបន្តឡើងថ្នាក់ជាបន្តបន្ទាប់។ ដូច្នេះអ្វីដែលជាកាតព្វកិច្ចចាំបាច់គឺ សិស្សានុសិស្ស ត្រូវតែចេះចាប់យកឱកាសដើម្បីបណ្ដុះពុទ្ធិឱ្យក្លាយខ្លួនទៅជាមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើគុណធម៌ សីលធម៌ល្អ ចរិយាធម៌ និងជាពលរដ្ឋដែលមានថាមពលខ្លាំងក្លាជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ទេសរដ្ឋមន្ត្រី បានថ្លែងថា៖ «មានតែចំណេះដឹងនេះហើយ ដែលនាំយើងទៅរកអនាគតភ្លឺស្វាង និងធ្វើឱ្យយើងក្លាយជាសិស្សល្អ កូនល្អ។ ដូច្នេះត្រូវព្យាយាមក្រេបជញ្ជក់យកចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ ហើយត្រូវជៀសវាងដាច់ខាត កុំប្រព្រឹត្តអំពើអ្វីដែលសង្គមស្អប់ខ្ពើមប្រាសចាកពីច្បាប់រដ្ឋ ជាពិសេសត្រូវជៀសវាងកុំប្រព្រឹត្តគ្រឿងញៀន ព្រោះវានាំឱ្យខូចអនាគត»។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទាំងផ្នែកបរិមាណ និងគុណភាព។ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណា ត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួន ជាកូនល្អ សិស្សល្អ និងមិត្តល្អសំខាន់ជាងនេះទៅទៀត ត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។ ទេសរដ្ឋមន្ត្រី ក៏បានផ្តល់ដំបូន្មានក៏ដូចជាការចែករំលឹកចំណេះដឹង មួយចំនួនដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ថា ការរៀនសូត្រ មិនមែនរៀនលំៗយករួចខ្លួននោះទេ ពោលត្រូវដាក់ទាំងកាយ និងចិត្តក្នុងការរៀនសូត្រ ក្រេបយកចំណេះដឹង និងចំណេះធ្វើឱ្យបានច្បាស់លាស់ ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុខ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានសំណូមពរដល់មាតាបិតាអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗចៅខ្លួនឱ្យបានជាប់ជាប្រចាំ និងជួយជំរុញកូនចៅឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ កុំឱ្យពួកគេបោះបង់ការសិក្សា ឬនាំគ្នាគេចសាលា ដែលនឹងធ្វើឲ្យបាត់បង់ធនធានមនុស្សសម្រាប់សង្គមជាតិ និងបានស្នើដល់លោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល ដោយឆន្ទៈ និងឧត្តមគតិ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជាតិឱ្យបានរីកចម្រើន ពីព្រោះថាភាពសម្បូរបែបនៃធនធានមនុស្សនឹងជួយធ្វើឱ្យសង្គមសេដ្ឋកិច្ចរបស់ជាតិយើងទទួលបានការរីកលូតលាស់លើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក យិន គា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយ ទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥៕